(តូក្យូ)៖ ក្រុមរាជអាជ្ញាជប៉ុននាថ្ងៃអង្គារនេះ ទើបទទួលបានដីកាចាប់ខ្លួនលោកស្រី ខារ៉ូល ហ្គោន (Carole Ghosn) ភរិយាអតីតប្រធានក្រុមហ៊ុនផលិតរថយន្តដ៏ធំ Nissan ដែលកាលពីចុងខែមុនបានរត់គេចខ្លួនចេញពីប្រទេសជប៉ុន ខណៈលោកកំពុងស្ថិតនៅក្រៅឃុំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។
ក្រុមរាជអាជ្ញាជប៉ុនបានបញ្ជាក់ថា ពួកគេទទួលបានដីកាចាប់ខ្លួននេះក្រោមការសង្ស័យថា លោកស្រី Carole Ghosn ទំនងជាបាននិយាយ កុហកកំឡុងការចូលខ្លួនផ្តល់សក្ខីកម្មកាលពីខែមេសា ឆ្នាំ២០១៩ នៅឯតុលាការក្នុងទីក្រុងតូក្យូ ពាក់ព័ន្ធការជួបគ្នាជាមួយបុគ្គលម្នាក់។ ស្វាមីលោកស្រីគឺលោក ខាឡូស ហ្គោន (Carlos Ghosn) ដែលជានាយកប្រតិបត្តិការ និងជាប្រធានក្រុមហ៊ុន Nissan បានរងការចោទប្រកាន់ពីបទល្មើសជាច្រើន ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅទីក្រុងតូក្យូ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រោយការចាប់ខ្លួនលោកស្រី Carole Ghosn ជាភរិយាទីពីររបស់លោក Ghosn បាននិងកំពុងខិតខំប្រឹងប្រែងជាខ្លាំងក្នុងការដឹកនាំយុទ្ធនាការ ដើម្បីទាមទារសិទ្ធិសេរីភាពជូនស្វាមីលោកស្រីវិញ និងបានលើកឡើងជាដដែលៗអំពីភាពស្អាតស្អំរបស់លោក Carlos Ghosn ហើយបានរិះគន់លើអាជ្ញាធរជប៉ុនថែមទៀតផង។
គួរជម្រាបថា ក្រោយការឃុំខ្លួនបានប៉ុន្មានខែ លោក Carlos Ghosn ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ ប៉ុន្តែកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកបានរត់គេចខ្លួនបាត់ពីប្រទេសជប៉ុន ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងប្រទេសលីបង់ ដែលជាប្រទេសលោកធ្លាប់រស់នៅកាលពីក្មេង ហើយលោកក៏មានសញ្ជាតិជាពលរដ្ឋលីបង់ផងដែរ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលជប៉ុន បានប្តេជ្ញានឹងព្យាយាមធ្វើយ៉ាងណា ដើម្បីនាំខ្លួនលោកយកមកវិញ៕