(ម៉ិចស៊ីកូស៊ីធី)៖ ក្រសួងមហាផ្ទៃម៉ិចស៊ីកូនាដើមសប្តាហ៍នេះបានឲ្យដឹងថា មនុស្សច្រើនជាង៦០,០០០នាក់បានបាត់ខ្លួននៅប្រទេសម៉ិចស៊ីកូ គិតចាប់តាំងតែពីឆ្នាំ២០០៦មក ដែលជាពេលសង្រ្គាមប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានចាប់ផ្តើមឡើង។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។
តួលេខនេះអាចនឹងក្លាយជាបញ្ហាប្រឈមធំមួយសម្រាប់ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador ដែលបានឡើងកាន់ អំណាចកាលពីខែធ្នូ ឆ្នាំ២០១៨ ជាមួយការប្តេជ្ញាថានឹងកាត់បន្ថយអំពើហិង្សាក្នុងប្រទេសម៉ិចស៊ីកូ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ករណីអំពើ ហិង្សានៅតែបានបន្តកើនឡើង ដោយមនុស្សជាង៣១,០០០នាក់បានបាត់បង់ជីវិត ក្នុងឆ្នាំ២០១៩។ ម៉្យាងវិញទៀត តួលេខខាងលើគឺខ្ពស់ ឆ្ងាយជាងការ ប៉ាន់ស្មានពីមុនមក ដែលថាមានចំនួនមនុស្សបាត់ខ្លួនប្រមាណ៤០,០០០នាក់។
គួរជម្រាបថា ក្នុងចំណោមនោះ ករណីមនុស្សបាត់ខ្លួនច្រើនជាងគេគឺស្ថិតនៅក្នុងរដ្ឋ Tamaulipas ភាគពាយ័ព្យ ដែលមានមនុស្សបាត់ខ្លួន ១០,០០០នាក់ រីឯបន្ទាប់មកទៀតគឺនៅរដ្ឋ Jalisco ភាគខាងលិច ដែលមានមនុស្សបាត់ខ្លួន៩,០០០នាក់។ មូលហេតុនៃអ្នកបាត់ខ្លួនរាប់ម៉ឺន នាក់នោះ គឺមានទាំងក្រោមស្នាដៃរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋាភិបាលផ្ទាល់។
សង្រ្គាមប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំមិនធ្លាប់មាន បានចាប់ផ្តើមឡើងនៅម៉ិចស៊ីកូកាលពីឆ្នាំ២០០៦ ក្រោមការដឹកនាំអតីតប្រធានាធិបតី លោក Felipe Calderon ដែលបានអនុញ្ញាតឲ្យកងទ័ពធ្វើប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហើយកែទម្រង់ស្ថាប័នប៉ូលិសរបស់ ម៉ិចស៊ីកូ ព្រមទាំងប្រកាសពីយុទ្ធនាការតាមប្រមាញ់មេឧក្រិដ្ឋជនធំៗនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ៕