(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាថ្ងៃអង្គារនេះបាននិយាយថា បច្ចុប្បន្នការរិះរកមធ្យោបាយជាក់ស្តែង ដើម្បីលើកកម្ពស់ចំណងទាក់ទងជាមួយកូរ៉េខាងជើង គឺជារឿងចាំបាច់ជាខ្លាំង ហើយលោកត្រៀមខ្លួនជានិច្ច ដើម្បីជួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នា២០២០។
លោក មូន បានបង្ហាញក្តីសោកស្តាយ សម្រាប់រយៈពេលមួយឆ្នាំកន្លងមក ដែលពុំមានវឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់ នៅក្នុងដំណើរការចរចាដើម្បី រំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ កំឡុងការថ្លែងសុន្ទរកថា នាឱកាសឆ្នាំថ្មីនៅទីក្រុងសេអ៊ូល លោក មូន បានអំពាវនាវឲ្យមានកិច្ចពិភាក្សាទល់មុខគ្នាសាជាថ្មី ជាមួយលោក គីម ជុងអ៊ុន ហើយលោកបានប្តេជ្ញារក្សាការខិតខំប្រឹងប្រែង ដើម្បីបន្តសម្របសម្រួលការ ចរចារវាងអាមេរិក និងកូរ៉េខាងជើង។
លោក មូន បានលើកឡើងដូច្នេះថា «ខណៈដែលកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើងកំពុងជាប់គាំង បូករួមជាមួយក្តីបារម្ភថា អាចនឹងមានការបោះជំហានថយក្រោយវិញ ក្នុងទំនាក់ទំនងអន្តរកូរ៉េថែមទៀតនោះ យើងទាំងអស់គ្នាកំពុងត្រូវការជាខ្លាំង នូវមធ្យោបាយជាក់ស្តែង ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការ ក៏ដូចជាចំណងទាក់ទងរវាងកូរ៉េទាំងពីរឡើងវិញ»។
គួរជម្រាបថា ចាប់តាំងតែពីជំនួបកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលបានបញ្ចប់ ទៅដោយពុំមានលទ្ធផលអ្វីមកទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងក៏បានធ្លាក់ចុះទៅតាមនោះដែរ។ នាដើមឆ្នាំនេះលោក គីម ថែមទាំងបាននិយាយថា លោកគ្រោងបន្តការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបឡើងវិញ ហើយអភិវឌ្ឍអាវុធយុទ្ធសាស្រ្តថ្មីៗបន្ថែម ប៉ុន្តែលោកនៅតែបានឲ្យសញ្ញាថា ការចរចាជាមួយសហរដ្ឋអាមេរិក នៅតែអាចកើតមានឡើងជាបន្តទៀត តែអាស្រ័យលើអាមេរិក៕