(ស៊ីដនី)៖ ខណៈភ្លើងឆេះព្រៃកំពុងតែបន្តនៅឡើយ នៅតំបន់ជាច្រើននៃភាគខាងកើតប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ស្កុតត៍ ម៉ូរីសុន (Scott Morrison) បានអះអាងថា រដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិ ២ពាន់លានដុល្លារអូស្ត្រាលី (១.៤ពាន់លានដុល្លារអាមេរិក) បន្ថែមពីលើថវិកាជាច្រើនលានដុល្លារ ដែលត្រូវបានបញ្ចេញរួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ AP នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ក្រោយការប្តេជ្ញាខាងលើនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានបន្ថែមទៀតផងដែរថា ថវិកាបន្ថែមនឹងត្រូវផ្តល់ បើសិនជាតម្រូវការនៅតែមាននោះ។ សម្រាប់ថ្ងៃចន្ទម្សិលមិញនេះដែរ មនុស្សពីរនាក់បន្ថែមទៀតត្រូវបានគេរាយការណ៍ បានបាត់ខ្លួននៅក្នុងរដ្ឋ ញូសោតវែលស៍ (New South Wales) ខណៈដែលចំនួនមនុស្សស្លាប់ នៅក្នុងមហន្តរាយភ្លើងឆេះព្រៃ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកទល់នឹងពេលនេះបានកើនឡើងដល់ ២៤នាក់។

បន្ថែមពីលើមនុស្សស្លាប់ និងសត្វព្រៃរាប់រយលានក្បាល ងាប់យ៉ាងអណោចអធមបំផុតនោះ លំនៅឋានប្រជាជនអូស្ត្រាលីប្រមាណជាង ២,០០០ខ្នងក៏ត្រូវបានភ្លើងព្រៃលេបត្របាក់ខ្ទេចខ្ទី។ ដោយឡែកលោកនាយករដ្ឋមន្ត្រី អូស្ត្រាលី ក៏បានទទួលរងការរិះគន់ពីមហាជនមួយចំនួនផងដែរ ដោយសារតែលោក បានអវត្តមាននៅពេលដែលភ្លើងឆេះព្រៃចាប់ផ្តើមកញ្ជ្រោលខ្លាំងបំផុត ខណៈប្រជាជនអូស្ត្រាលីដែលបានរងគ្រោះ បាត់បង់អ្វីគ្រប់យ៉ាងនៅតំបន់ត្រូវបានភ្លើងព្រៃ លេបត្របាក់នោះ បានស្តីបន្ទោសធ្ងន់ៗទៅលើរដ្ឋាភិបាល ដែលមានភាពយឺតយ៉ាវ។

គួរបញ្ជាក់ថា ភ្លៀងបានចាប់ផ្ដើមធ្លាក់ជាបណ្តើរៗ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅតំបន់មួយចំនួនក្នុងប្រទេសអូស្ត្រាលី ក្នុងនោះរួមទាំងភាគខាងកើតផងដែរ ដែលកំពុងតែទទួលរងគ្រោះដោយមហន្តរាយភ្លើងឆេះព្រៃ រីឯសីតុណ្ហភាពក៏បានចុះត្រជាក់ជាបណ្ដើរៗ។ ទោះបីជាបែបនេះក្តី មន្ត្រីជំនាញអូស្ត្រាលីបានព្រមានថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំអាចនឹងឆាបឆេះសាជាថ្មី៕