(ប៉េកាំង)៖ នាថ្ងៃចន្ទនេះសមយុទ្ធយោធាជើងទឹកឈ្មោះថា Sea Guardian-2020 រវាងចិននិងប៉ាគីស្ថាន បានចាប់ផ្តើមប្រព្រឹត្តទៅ នៅក្នុងដែនសមុទ្រអារ៉ាប់ (Arabian Sea) ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ក្រោមគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
ក្នុងសមយុទ្ធយោធានេះ ចិនបានបញ្ជូននាវាយោធាចំនួន៥គ្រឿងឲ្យចូលរួម ដែលមានដូចជានាវាចម្បាំងប្រភេទ Destroyer ឈ្មោះ Yinchuan នាវាចម្បាំងប្រភេទ Frigate ឈ្មោះ Yuncheng នាវាសម្រាប់ផ្គត់ផ្គង់ឈ្មោះ Weishanhu និងនាវាសម្រាប់ជួយសង្រ្គោះ នាវាមុជទឹកឈ្មោះ Liugongdao ជាដើម។ ចំណែកខាងប៉ាគីស្ថានវិញ បានចល័តនាវាចម្បាំងប្រភេទ Frigate ពីរគ្រឿង ទូកចម្បាំង ពីរគ្រឿង យន្តហោះល្បាតប្រឆាំងនាវាមុជទឹកមួយគ្រឿង ឧទ្ធម្ភាគចក្រប្រភេទហោះចេញពីលើនាវាចំនួនពីរគ្រឿង ព្រមទាំងកងទ័ព ប្រតិបត្តិការពិសេសជាង៦០នាក់។
គួរជម្រាបថា ក្នុងឱកាសនៃការធ្វើលំហាត់យោធាខាងលើ ប្រទេសទាំងពីរនឹងផ្តោតការហ្វឹកហាត់លើគោលដៅសំខាន់ៗមួយចំនួន រួមមានការល្បាតរួមគ្នា ការការពារដែនអាកាស ការប្រឆាំងនាវាមុជទឹក និងការបាញ់គ្រាប់ពិត។ ទីក្រុងប៉េកាំងបានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធនេះពុំមានជាប់ពាក់ព័ន្ធជាមួយស្ថានការណ៍ក្នុងតំបន់ ឬក៏មានគោលដៅលើប្រទេសផ្សេងឡើយ។ ក្រៅពីសមយុទ្ធ យោធាផ្លូវទឹក ប្រទេសទាំងពីរក៏មានការធ្វើសមយុទ្ធតាមផ្លូវគោក ក៏ដូចជាផ្លូវអាកាសជាច្រើនលើកជាមួយគ្នាផងដែរ៕