(វ៉ាស៊ីនតោន)៖ ប្រធានសភាសហរដ្ឋអាមេរិកលោក ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បាននិយាយថា សភានឹងធ្វើការប្រកាសអំពីដំណោះស្រាយថ្មីមួយ ដើម្បីទទួលការបោះឆ្នោតអនុម័ត ស្ថិតនៅក្នុងគោលដៅកំណត់អំណាចលើផ្នែកយោធា របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈសហរដ្ឋអាមេរិកកំពុងជួបប្រទះភាពតានតឹង កាន់តែខ្លាំងឡើងៗជាមួយប្រទេសអ៊ីរ៉ង់ ក្រោយការធ្វើឃាតមេទ័ពអ៊ីរ៉ង់ក្នុងទឹកដីអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
បើតាមការបញ្ជាក់ពីលោកស្រី Pelosi ដំណោះស្រាយនៅក្នុងសភាខាងលើនេះ ក៏ដូចទៅនឹងដំណោះស្រាយដែលព្រឹទ្ធសមាជិក ធីម ខេន (Tim Kaine) បានប្រកាសនៅក្នុងព្រឹទ្ធសភានោះផងដែរ។ ដំណោះស្រាយក្នុងន័យទប់ស្កាត់ មិនឲ្យសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងនេះត្រូវបានគេមើលឃើញថា នឹងអាចឆ្លងផុតសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យយ៉ាងងាយ ប៉ុន្តែសម្រាប់ព្រឹទ្ធសភាដែលកំពុងគ្រប់គ្រង ដោយបក្សសារធាណរដ្ឋនោះ គឺទំនងជាមិនអាចឆ្លងផុតនោះឡើយ។
គួរបញ្ជាក់ថា ទាំងសមាជិកព្រឹទ្ធសភា និងសភាអាមេរិក ដែលភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងខ្លាំង ចំពោះការចេញបញ្ជាដោយលោក ដូណាល់ ត្រាំ ក្នុងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qassem Soleimani) នៅក្នុងទឹកដីអ៊ីរ៉ាក់ ព្រោះការធ្វើបែបនេះនឹងរុញច្រានឲ្យសហរដ្ឋអាមេរិក ធ្លាក់ខ្លួនចូលទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ ទោះបីជាបែបនេះក្តី សមាជិកសភា និងព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ បានសម្តែងការគាំទ្រដោយចាត់ទុកថា នេះជាការទប់ស្កាត់កុំឲ្យអ៊ីរ៉ង់ បង្កបញ្ហាធំនៅថ្ងៃមុខ ជាពិសេសការវាយប្រហារស្ថានទូត មូលដ្ឋានទ័ព និងពលរដ្ឋអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់៕