(ឥណ្ឌូណេស៊ី)៖ ប្រទេសឥណ្ឌូណេស៊ីកំពុងតែត្រៀមខ្លួនដើម្បីដើរចេញពីការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងសហគមន៍អឺរ៉ុបដែលពាក់ពន្ធ័ទៅនឹងជំហរឿងប្រេងដូងរបស់សហគមន៍មួយនេះ។ ដោយយោងតាមមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ខណៈជម្លោះពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុបជាមួយនឹងឥណ្ឌូណេស៊ី ការស៊ើបអង្កេតមួយបានធ្វើឡើងទៅលើប្រាក់ឧបត្ថម្ភធនលើទំនិញរបស់ប្រើប្រាស់ប្រចំាថ្ងៃនំាចូលពីសហគមន៍អឺរុបមកកាន់ប្រទេសឥណ្ឌូណេស៊ី។
* មូលហេតុនៃជម្លោះ
សភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងភាគីទំាងបានកើតឡើងចាប់តំាងពីគណៈកម្មការសហគមន៍អឺរ៉ុបបានដាក់ការសន្និដ្ឋានថា ប្រេងដូងបង្កឱ្យមានវិនាសកម្មព្រៃឈើហួសប្រមាណ ហើយមិនគួរត្រូវគេពិចារណាឱ្យមានបន្តទៅទៀតនោះទេ ដែលមានន័យថា ត្រូវតែបញ្ឈប់ការកែច្នៃប្រេងដូង ព្រោះថា ប្រេងម៉ាស៊ូតមានវត្ថុធាតុដើមធ្វើចេញពីប្រេងដូងសម្រាប់វិស័យដឹកជញ្ជូន ដោយគេលើកឡើងថា អាចនឹងបញ្ចប់នូវកិច្ចព្រមព្រៀងទិញឥន្ធនៈប្រេងដូង ទៅកាន់សហគមន៍អឺរ៉ុបនៅចន្លោះឆ្នំា២០២៣ និងឆ្នំា២០៣០ខាងមុខ។
ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសអ្នកផលិតប្រេងដូងដ៏ធំបំផុត និងបរិមាណច្រើនរបស់ពិភពលោក ដោយប្រទេសនេះបានលើកឡើងកាលពីសប្តាហ៍មុនថា ខ្លួនបានដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ឬហៅកាត់ថា (WTO) ប្រឆំាងទៅនឹងសហគមន៍អឺរ៉ុបដែលនិយាយថា វាជាគោលនយោបាយមិនត្រឹមត្រូវ។ លោកស្រី Pradnyawati អគ្គនាយិកាសន្តិសុខពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងបានប្រាប់ដល់សហគមន៍អឺរ៉ុបហើយថា ប្រសិនបើគ្មានប្រេងដូង វាក៏គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចសព្វជ្រុងជ្រោយ ឬហៅកាត់ថា (CEPA) នោះដែរ។
* ដំណោះស្រាយ
ពាក់ពន្ធ័ទៅលើរឿងជម្លោះនេះ លោកស្រីអគ្គនាយិកាបានបន្តទៀតថា សម្រាប់ពេលឥឡូវនេះ ប្រទេសឥណ្ឌូណេស៊ីនឹងនៅតែបន្តកិច្ចពិភាក្សាបន្ថែមទៀត តាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចសព្វជ្រុងជ្រោយនៅពាក់កណ្តាលឆ្នំា២០២០។ ដោយឡែកគណៈកម្មការអឺរ៉ុបឯណោះវិញ បានលើកឡើងថា ទីផ្សារជីវឥន្ធនៈ មានតម្លៃប្រមាណជា៩ពាន់លានអឺរ៉ូ (១០ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នំាក្នុងនោះមានការនំាចូលពីប្រទេសឥណ្ឌូណេស៊ី មកកាន់ទីផ្សារអឺរ៉ុបមានទំហំទឹកប្រាក់ប្រមាណជា៤០០លានអឺរ៉ូ។
លោក Vincent Piket ឯកអគ្គរដ្ឋទូតរបស់សហគមន៍អឺរ៉ុបប្រចំា នៅប្រទេសឥណ្ឌូណេស៊ី និងប្រទេសប្រ៊ុយណេបានលើកឡើងថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេដ្ឋកិច្ចសព្វជ្រុងជ្រោយ (CEPA) និងករណីប្តឹងផ្តល់ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក គឺជាបញ្ហាដាច់ដោយឡែកពីគ្នា ដោយលោកបានជំរុញឱ្យភាគីទំាងពីរ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)ក្នុងការអនុវត្តទៅលើវិវាទពាណិជ្ជកម្ម។
លោក Piket បាននិយាយនៅក្នុងសារអេឡិចត្រូនិកថា តាមមធ្យោបាយដែលយើងអាចបញ្ជៀសពីផលប៉ះពាល់អវិជ្ជមានដល់គ្នាទៅវិញទៅមកនោះ គឺមានតែភាគីវិវាទទំាងពីរត្រូវតែតម្កល់ស្មារតីផលប្រយោជន៍ជារឿងសំខាន់សម្រាប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលផ្តល់លទ្ធផលជាវិជ្ជមានឱ្យគ្នាទៅវិញទៅមក ក្នុងរយៈពេលយូរអង្វែង។
* ការវាយបកត្រឡប់
លោកស្រី Pradnyawati នៃភាគីឥណ្ឌូណេស៊ីឯណេះ បានលើកឡើងបន្ថែមទៀតថា គណៈកម្មាធិការប្រឆំាងនឹងការបង្ខូចតម្លៃរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានស្នើសុំឱ្យមានការស៊ើបអង្កេតថាផលិតផលប្រើប្រាស់ប្រចំាថ្ងៃរបស់សហគមន៍អឺរ៉ុបដែលនំាចេញមកកាន់ប្រទេសឥណ្ឌូណេស៊ីនោះពិតជាបានប្រយោជន៍មកពីឧបត្ថម្ភកធនដែរឬទេ?។ លោកស្រីបានគូសបញ្ជាក់បន្តទៀតថា ប្រទេសឥណ្ឌូណេស៊ីមិនបានពឹងផ្អែកទៅលើផលិផលប្រើប្រាស់ប្រចំាថ្ងៃរបស់សហគមន៍អឺរ៉ុបឡើយ ព្រោះថាក្រសួងពាណិជ្ជកម្មបាននឹងកំពុងតែបង្កើននូវការនំាចូលផលិផលប្រើប្រាស់ពីប្រទេសអូស្រ្តាលីវិញ បន្ទាប់ពីទើបតែបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីដើមឆ្នំា២០១៩កន្លងទៅ។
តាមតួលេខក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានឱ្យដឹងថា ការនំាចូលស៊ុត និងរបស់របប្រើប្រាស់សរុបមកកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នំា២០១៨កន្លងទៅ មានទំហំគិតជាទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក។ ទិន្នន័យរបស់ក្រសួងដដែលនេះបានបង្ហាញថែមទៀតថា នៅក្នុងចំណោមផលិតផលប្រើប្រាស់ភាគច្រើនចេញមកពីប្រទេសអូស្រ្តាលី ណូវ៉ែលស៊ីឡង់ដ៍ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក Enggartiasto Lukita ធ្លាប់បានលើកឡើងកាលពីខែសីហាកន្លងទៅថា លោកមានផែនការដើម្បីផ្តល់អនុសាសន៍បន្ថែមលើតារាងពន្ធចាប់ពី២០% ទៅ២៥%លើមុខទំនិញប្រើប្រាស់របស់សហភាពអឺរ៉ុប ដើម្បីជាការសងសឹក និងឆ្លើយតបទៅនឹងការប្រឆំាងប្រាក់ឧបត្ថម្ភកធនរបស់អឺរ៉ុបទៅលើការនំាចេញជីវឥន្ធនៈ(Biodiesel) របស់ឥណ្ឌូណេស៊ី។
ចំពោះក្រុមអ្នកតំណាងសហគមន៍អឺរ៉ុបប្រចំានៅក្នុងប្រទេសឥណ្ឌូណេស៊ីវិញ បានព្រមានថា ចំណាត់ការរបស់ឥណ្ឌូណេស៊ីធ្វើបែបនេះវាជាការរំលោភទៅលើវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ស្របពេលដែលសហគមន៍អឺរ៉ុបក៏បានដាក់ពាក្យប្តឹងទៅកាន់អង្គការ (WTO) ដែរ កាលពីចុងខែវិច្ឆិកាថ្មីៗនេះទៅលើប្រទេសឥណ្ឌូណេស៊ី ដែលហាមឃាត់ការនំាចេញលោហធាតុប្រភេទ (nickel ore) ហើយវានឹងអាចប៉ះពាល់ដល់តារាងពន្ធលើជីវឥន្ធនៈ(Biodiesel) ឥណ្ឌូណេស៊ីកាលពីសប្តាហ៍កន្លងទៅ។
ចំណែកឯលោក Joko Supriyono ជាប្រធានសមាគមប្រេងដូងឥណ្ឌូណេស៊ីវិញបានប្រាប់ដល់ក្រុមអ្នកយកព័ត៌មានថា ការគំរាមកំហែងពីសហគមន៍អឺរ៉ុបពិតជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មរបស់លោក ប៉ុន្តែលោកបានព្រមានជារបៀបវាយបកទៅវិញដែរថា ដែលយើងត្រូវតែក្លាហានក្នុងការប្រើប្រាស់វិធានពាណិជ្ជកម្មក្នុងការសងសឹកទៅលើផលិតផលកសិកម្មរបស់គេវិញដែរ៕
ដោយ៖ ប្រាក់ សម្ជស្ស