(ហុងកុង)៖ នាយកការិយាល័យទំនាក់ទំនងថ្មីរបស់ចិន ប្រចាំទីក្រុងហុងកុងលោក លូ ហ៊ុយនីង (Luo Huining) បានបង្ហាញក្ដីសង្ឃឹមថា ទីក្រុងមួយនេះអាចនឹងត្រឡប់ទៅរកផ្លូវត្រូវវិញ ខណៈបាតុកម្មប្រឆាំងប្រឆាំងរដ្ឋាភិបាល នៅតែបន្តធ្វើឡើងនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ដោយបដិសេធឆ្លើយសំនួរអ្នកសារព័ត៌មាន លោក Luo Huining បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង ៦ខែមកនេះ សា្ថនភាពរបស់ទីក្រុងហុងកុង បានធ្វើឱ្យអ្នករាល់គ្នាសោកសៅខ្លាំង... ដូច្នេះហើយខ្ញុំ និងអ្នកដែលមានបេះដូងកក់ក្ដៅសុទ្ធតែសង្ឃឹមថា ទីក្រុងហងុកុងនឹងត្រឡប់ទៅរកផ្លូវត្រូវវិញ»។
គួរបញ្ជាក់ថា លោក Luo Huining មានអាយុ ៦៥ឆ្នាំ បានឡើងកាន់តំណែងជានាយកការិយាល័យទំនាក់ទំនងថ្មីរបស់ចិន ប្រចាំទីក្រុងហុងកុង ក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងបណ្ដេញលោក វ៉ាង ជីមីន (Wang Zhimin) ដែលបានកាន់តំណែងនេះចាប់តាំងពីឆ្នាំ២០១៧ មកនោះចេញពីតំណែងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន៕