Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ បញ្ជាឱ្យកងកម្លាំងមីស៊ីលប្រុងជើងការ ក្រោយព្រមានសងសឹក សហរដ្ឋអាមេរិក (Video inside)

06-01-2020 13:51

(បាកដាដ)៖ មន្ត្រីអាមេរិកម្នាក់ បានអះអាងថាកងកម្លាំងមីស៊ីលអ៊ីរ៉ង់ នៅទូទាំងប្រទេស ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ នៅក្នុងបរិបទដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ព្រមានសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qasem Soleimani ដែលត្រូវបានសម្លាប់ដោយ យន្ដហោះដ្រូនអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

បើតាមមន្ត្រីខាងលើដដែល ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យោធាអាមេរិក ក៏កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាព របស់អ៊ីរ៉ង់ផងដែរ ប៉ុន្តែមិនអាចបញ្ជាក់បានថា តើការត្រៀមលក្ខណៈរបស់កងកម្លាំងមីស៊ីលអ៊ីរ៉ង់ គឺមានគោលដៅការពារខ្លួន ឬក៏ត្រៀម បើកការវាយប្រហារ ឬក៏យ៉ាងនោះទេ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់! កងកម្លាំងមីស៊ីលអ៊ីរ៉ង់នៅទូទាំងប្រទេស ត្រូវបានដាក់ ឱ្យស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ ...តែយើងមិនទាន់អាចកំណត់បានថាតើនេះជាការត្រៀមលក្ខណៈអ្វីឱ្យប្រាកដនោះទេ»

គួរបញ្ជាក់ថា បើតាមមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ គោលដៅរបស់អ៊ីរ៉ង់គឺមូលដ្ឋានទ័ពអាមេរិក ពោលបានព្រមានថាមូលដ្ឋានទ័ពអាមេរិក ចំនួន៣៥ នៅមជ្ឈិមបូព៌ា រួមទាំងទីក្រុង តែល អាវីវ ប្រទេសអ៊ីស្រាអែល នឹងមិនអាចគេចផុតពីមីស៊ីលរបស់ខ្លួនឡើយ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ក៏បានព្រមានបកវិញដែរថា យោធាអាមេរិក អាចនឹងវាយប្រហារលើមូលដ្ឋាន ឬទីតាំង៥២កន្លែងរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានទាំងតំបន់ បេតិភណ្ឌវប្បធម៌ បើទីក្រុងតេហេរ៉ង់ ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានទ័ពរបស់អាមេរិក៕