(ហ្សាការតា)៖ អគារកម្ពស់៥ជាន់មួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានបាក់រលំមួយផ្នែក នៅព្រឹកថ្ងៃចន្ទនេះដោយបណ្ដាល ឱ្យមនុស្សយ៉ាងហោច៨នាក់ រងរបួស និងជាច្រើននាក់ទៀតត្រូវបានគេសង្ស័យថាកំពុងជាប់នៅក្រោមគំនរបាក់បែកនៃអគារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Jakartapost នៅមុននេះបន្តិចនារសៀល ថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬក៏មានការបញ្ជាក់ណាមួយថាមូលហេតុ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បាក់អគារ នេះកើតឡើងមានជាប់ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ ក្នុងរដ្ឋធានីហ្សាការតា ដែលបានផ្ដាច់ជីវិតមនុស្សជាង៦០នាក់ នោះឡើយ ខណៈអាជ្ញាធរឥណ្ឌូណេស៊ី កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ។
សូមជំរាបថា ហេតុការណ៍បាក់រលំអគារ បានកើតមានឡើងជាច្រើនករណីណាស់ នៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក និងបានផ្តាច់យកជីវិតមនុស្សរាប់រយរាប់ពាន់នាក់ ក្នុងនោះប្រទេសមហាអំណាច អាមេរិក, រុស្ស៉ី ឥណ្ឌា ក៏មានករណីបាក់រលំអគារដែរ។
ខាងក្រោមនេះគឺជាហេតុបាក់រលំអគារធំៗ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩៖
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅទីក្រុងម៉ុមបៃប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស ១៤នាក់ និងរបួសរាប់សិបនាក់កាលពីខែកក្កដា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារសណ្ឋាគារកំពុងស្ថិតក្នុងការសាងសង់នៅទីក្រុងញូអូលីនស៍ (New Orleans) នៃរដ្ឋល្វីស្យ៉ាណា (Louisiana) សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងជាង ២០នាក់រងរបួស។
* ហេតុការណ៍បាក់រលំអគារនៅទីក្រុង បាម៉ាកូ (Bamako) ប្រទេសម៉ាលី បានផ្តាច់ជីវិតមនុស្ស ១៥នាក់ និងរបួសជិត ៣០នាក់កាលពីខែកញ្ញា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៦ជាន់នៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា បានផ្តាច់ជីវិតមនុស្ស ០៤នាក់ និង ២១នាក់ត្រូវបានជួយសង្គ្រោះកាលពីដើមខែធ្នូ ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជាបានផ្តាច់ជីវិតមនុស្សសរុប ២៨នាក់កាលពីខែមិថុនា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ១០ជាន់មួយកន្លែងនៅទីក្រុង ម៉ាកនីតធីហ្គស (Magnitigorsk) ប្រទេសរុស្ស៊ីបានផ្តាច់ជីវិតមនុស្ស រហូតដល់ ៣៣នាក់ក្នុងនោះក៏មានក្មេងៗ ០៦នាក់ផងដែរកាលពីដើមខែមករា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅទីក្រុងហ្វូថាឡេហ្សា (Fortaleza) ប្រទេសប្រេស៊ីលកាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សម្នាក់ និងរាប់សិបនាក់ទៀតរងរបួស។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅតំបន់ចូស (Jos) ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីខែកក្កដា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៣នាក់ និងមនុស្ស ០៧នាក់ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៃអគារ។
* ហេតុការណ៍បាក់រលំអគារកំពុងសាងសង់នៅរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៩នាក់ និងជាង ៥០នាក់ត្រូវបានជួយសង្គ្រោះ។
* ហេតុការណ៍បាក់រលំអគារសាលារៀនកម្ពស់ ០៣ជាន់នៅទីក្រុងឡាកូស (Lagos) ប្រទេសនីហ្សេរីយ៉ាបានផ្តាច់ជីវិតមនុស្ស ២០នាក់ និងជាង ៤០នាក់រងរបួស កាលពីខែមីនា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ០៤ជាន់នៅភាគខាងលិច ប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតមនុស្ស ០៨នាក់ និងរបួសរាប់សិបនាក់កាលពីខែសីហា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅតំបន់ស៊ុកឃើ (Sukkur) ប្រទេសប៉ាគីស្ថាន បានផ្តាច់ជីវិតមនុស្ស ០៦នាក់ និង ១៧នាក់រងរបួសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩៕