(វ៉ាស៊ីនតោន)៖ លោកស្រី អាលីហ្សាប៊ែត វ៉ារែន (Elizabeth Warren) ដែលជាបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ នាថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា ការចេញបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ម្នាក់នាពេលថ្មីៗនេះ ហាក់ដូចមានគោលបំណង ដើម្បីបង្វែរចំណាប់អារម្មណ៍ពីដំណើរការទម្លាក់រូបលោក ចេញពីអំណាចយ៉ាងដូច្នោះឯង។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
លោកស្រី Warren បានលើកឡើងដូច្នេះថា «យើងដឹងហើយថា លោក ដូណាល់ ត្រាំ ពិតជាមិនសប្បាយចិត្តឡើយ ចំពោះការត្រៀមបើកសវនាការជុំវិញនីតិវិធីដកតំណែងលោក ដែលអាចនឹងប្រព្រឹត្តទៅក្នុងខែមករានេះតែម្តងនៅព្រឹទ្ធសភា ដែលជាទីសម្រេចចុងក្រោយ ប៉ុន្តែចូរក្រឡេកមើលអ្វីដែលលោក ត្រាំ កំពុងធ្វើគឺលោកកំពុងនាំប្រទេសយើង ទៅមាត់ជ្រោះនៃភ្លើងសង្រ្គាម»។
លោកស្រី Warren ក៏បានបន្តទៀតថា «វាគឺជារឿងសមហេតុផលមួយក្នុងការសង្ស័យថា តើការវាយប្រហារសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នោះ គឺដើម្បីធ្វើជាការបង្វែរចំណាប់អារម្មណ៍របស់មហាជនអាមេរិក ឬមួយយ៉ាងណា ជាពិសេសនោះនៅពេលដែលរដ្ឋបាលលោក ត្រាំ បានផ្តល់ចម្លើយបកស្រាយជាន់ជើងគ្នា ជុំវិញអ្វីដែលបាននិងកំពុងកើតឡើង»។ លោកស្រី Warren សង្កត់ធ្ងន់ថា «វាច្បាស់ជាមានហេតុផលជាក់លាក់មួយ ដែលធ្វើឲ្យលោក ត្រាំ ជ្រើសរើសយកពេលនេះ ដោយមិនមែនមួយខែមុន ឬមិនមែនមួយខែក្រោយនោះ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យសម្លាប់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) នៅអ៊ីរ៉ាក់ ចំពេលក្រោយស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ បានរងការចូលលុកលុយ និងវាយប្រហារពីសំណាក់ក្រុមបាតុករ ដែលក្នុងចំណោមនោះត្រូវគេអះអាងថា មានក្រុមកងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមមន្រ្តីអាមេរិកបានបញ្ជាក់ថា លោក Soleimani បង្កការគំរាមកំហែងកំហែងខ្លាំង ដល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អាមេរិក ហើយការធ្វើឃាតលោកគឺជារឿងចាំបាច់ដើម្បីការពារខ្លួន៕