(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនចាកចេញពីអ៊ីរ៉ាក់ជាដាច់ខាត រហូតទាល់តែទីក្រុងបាកដាដបង់លុយ ដែលទីក្រុងវ៉ាស៊ីនតោន ចំណាយលើការសាងសង់មូលដ្ឋានទ័ពជាមុនសិន ហើយមិនតែប៉ុណ្ណោះលោកក៏បានព្រមាន ដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ ក្រោយសភាអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតអនុម័តបណ្ដេញកងទ័ពបរទេសទាំងអស់ ចេញពីទឹកដីអ៊ីរ៉ាក់ ក៏ដូចជាកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qasem Soleimani)។ លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់កំឡុងធ្វើដំណើរពីរដ្ឋផ្លូរីដា (Florida) មកកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី យ៉ាងដូច្នេះថា «យើងបានចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីសង់មូលដ្ឋានទ័ពនៅអ៊ីរ៉ាក់... ដូច្នេះយើងនឹងមិនចាកចេញពីអ៊ីរ៉ាក់ជាដាច់ខាត បើសិនជាពួកគេមិនព្រមបង់លុយទាំងនេះមកឱ្យយើងវិញ ហើយយើងក៏នឹងអាចដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ដែលពួកគេមិនអាចធ្លាប់បានពីមុនមកក៏ថាបាន»។
គួរជម្រាបថា មូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ ដែលលោក ដូណាល់ ត្រាំ ចង់សំដៅនោះគឺមូលដ្ឋានទ័ព បាឡេដ (Balad) ដែលសិ្ថតនៅចំងាយប្រហែល ៨០គីឡូម៉ែត្រពីទីក្រុងបាកដាដ។ បច្ចុប្បន្នកងទ័ពអាមេរិកប្រមាណ ៥,២០០នាក់ កំពុងមានវត្តមាននៅតាមមូលដ្ឋានយោធា ទូទាំងប្រទេសអ៊ីរ៉ាក់ ដើម្បីជួយជ្រោមជ្រែងកងទ័ពអ៊ីរ៉ាក់ ទប់ស្កាត់ការងើបឡើងមកវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ទឹកដីអ៊ីរ៉ាក់ ក្រោមផ្នែកនៃក្រុមកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់បានអញ្ជើញមកដោយផ្ទាល់ កាលពីឆ្នាំ២០១៤ ដើម្បីមកជួយប្រយុទ្ធតតាំងជាមួយពួកភេរវករ ISIS ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា។
ដោយឡែក បើតាមសេចក្តីប្រកាសរបស់ប្រធានសភាអ៊ីរ៉ាក់ លោក ម៉ូហាំម៉េដ ហាល់ប៊ូស៊ី (Mohammed Halbusi) សភាអ៊ីរ៉ាក់ក្នុងសំឡេងភាគច្រើន បានបោះឆ្នោតជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ លុបចោលនូវសំណើរបស់ខ្លួន ស្តីពីការសុំជំនួយរបស់ក្រុមយោធាចម្រុះអន្តរជាតិ ពោលគឺឲ្យកងកម្លាំងនេះ ចាកចេញពីប្រទេសអ៊ីរ៉ាក់វិញ។ ជំហានបន្ទាប់ទៀត គឺគណៈរដ្ឋមន្រ្តីអ៊ីរ៉ាក់ត្រូវសម្រេចទៅលើរឿងនេះ ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌែល ម៉ាហ៍ឌី (Adel Abdel Mahdi) ក៏ដូចជាបានឲ្យសញ្ញាថា នឹងគាំទ្រការសម្រេចចិត្តនេះផងដែរ៕