(តូក្យូ)៖ ត្រីធូណាព្រុយខៀវមួយក្បាល ត្រូវគេទិញក្នុងតម្លៃ១៩៣.២លានយេន ដែលស្មើជិត១.៨លានដុល្លារ ក្នុងព្រឹត្តិការណ៍ដេញថ្លៃជាលើកដំបូងនៃឆ្នាំថ្មីនេះ នៅឯផ្សារត្រី Toyosu ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សយពីសារព័ត៌មាន NHK នាថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។
ត្រីធូណាយក្សខាងលើដែលមានទម្ងន់២៧៦គីឡូក្រាម ត្រូវក្រុមអ្នកនេសាទចាប់បាននៅក្បែរខេត្ត Aomori ភាគខាងជើងជប៉ុន។ បើតាមទម្ងន់របស់វា ហើយយោងទៅលើតម្លៃលក់១៩៣.២លានយេន អាចមានន័យថា មួយគីឡូនៃត្រីធូណានោះថ្លៃប្រមាណជា៧០០,០០០សែនយេន ឬ៦,៥០០ដុល្លារអាមេរិក។
គួរជម្រាបថា អ្នកដែលដេញថ្លៃឈ្នះបានត្រីធូណាយក្សនោះ គឺគ្មាននរណាក្រៅពីលោក Kimura Kiyoshi ដែលជាប្រធានក្រុមហ៊ុនភោជនីយដ្ឋានអាហារស៊ូស៊ីឈ្មោះ Sushizanmai ឡើយ។ លោក Kimura ក៏មានរហស្សនាមពិសេសផងដែរថា ជា Tuna King ឬស្តេចត្រីធូណា ដោយកាលពីឆ្នាំ២០១៣ លោកធ្លាប់ទិញត្រីធូណាព្រុយខៀវមួយក្បាលក្នុងតម្លៃ១.៤លានដុល្លារ ហើយកាលពីដើមខែមករា ឆ្នាំ២០១៩ លោកបានចំណាយរហូតដល់៣.១លានដុល្លារ ដើម្បីទិញត្រីធូណាយក្សនេះមួយផ្សេងទៀត។
យ៉ាងណាមិញ ត្រីធូណាព្រុយខៀវ (bluefin tuna) ត្រូវបានអង្គការមូលនិធិគាំទ្រសត្វព្រៃ World Wildlife Fund (WWF) ចាត់ទុកថា ជាប្រភេទត្រីជិតផុតពូជ និងចាំបាច់បំផុតត្រូវតែអភិរក្ស។ ទោះជាបែបនេះក្តី ការបរិភោគសាច់សត្វត្រីជាច្រើនប្រភេទទាំងត្រីទន្លេ និងត្រីសមុទ្រ គឺជាទំនៀមទម្លាប់ប្រពៃណីរាប់សតវត្សរ៍មកហើយនៃជនជាតិជប៉ុនទាំងអស់ ដែលជាពិសេសនោះ គឺសាច់ត្រីបាឡែនតែម្តង៕