(តូក្យូ)៖ នាថ្ងៃអាទិត្យនេះរដ្ឋាភិបាលទីក្រុងតូក្យូបានប្រកាសថា ខ្លួននឹងរឹតបន្តឹងវិធានការពាក់ព័ន្ធនីតិវិធីធ្វើដំណើរចាកចេញពីប្រទេស បន្ទាប់ពីអតីតប្រធានក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Nissan គឺលោក Carlos Ghosn បានរត់គេចខ្លួនចេញទៅក្រៅប្រទេស ពេលកំពុងស្ថិតនៅក្រៅឃុំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។
លោក Ghosn កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានទទួលស្គាល់ថា លោកបានរត់ទៅប្រទេសលីបង់ ដើម្បីគេចខ្លួនពីប្រព័ន្ធយុត្តិធម៌ ដែលពុំមានតម្លាភាពនៅប្រទេសជប៉ុន។ លោក Carlos Ghosn ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន នៅទីក្រុងតូក្យូ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយរងការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធបទល្មើសទាក់ទិនការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន Nissan។ លោកត្រូវបានគេឃុំខ្លួនប៉ុន្មានខែ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ជុំវិញការរត់គេចខ្លួនរបស់លោក Ghosn លោកស្រី Mori Masako រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន បានសន្យាថា នឹងមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់បំផុត ហើយលោកស្រីបានបញ្ជាក់ថា អាជ្ញាធរជប៉ុនបានចេញសេចក្តីជូនដំណឹងជាអន្តរជាតិ សម្រាប់ការចាប់ខ្លួនលោក Ghosn យកមកវិញ រីឯទីភ្នាក់ងារនានាដែលពាក់ព័ន្ធ ត្រូវបានបង្គាប់ឲ្យរឹតបន្តឹងចំណាត់ការទាក់ទិននីតិវិធីនៃការចាកចេញពីប្រទេសផងដែរ។ ជាមួយគ្នានេះ ការិយាល័យរាជអាជ្ញាជប៉ុន បានចេញមុខច្រានចោលការចោទប្រកាន់របស់លោក Ghosn ដែលថា ប្រព័ន្ធយុត្តិធម៌ជប៉ុនគ្មានតម្លាភាព។
គួរជម្រាបថា យ៉ាងណាមិញ វាមិនទាន់ច្បាស់នោះទេថា តើជប៉ុននឹងធ្វើបែបណាដើម្បីនាំខ្លួនលោក Ghosn មកវិញ ដ្បិតជប៉ុនមានកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័នតែជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប៉ុណ្ណោះ ដូច្នេះហើយការចង់បានលោក Ghosn ពីប្រទេសលីបង់នឹងអាចជារឿងលំបាកខ្លាំង។ ក្នុងសប្តាហ៍នេះលីបង់បានឲ្យដឹងថា ខ្លួនទទួលបានដីកាចាប់ខ្លួនពីប៉ូលិសអន្តរជាតិ Interpol សម្រាប់លោក Ghosn ប៉ុន្តែលីបង់បានលើកឡើងថា លោក Ghosn បានចូលមកលីបង់ដោយស្របច្បាប់ ហើយលោកក៏មានសញ្ជាតិជាពលរដ្ឋលីបង់ផងដែរ ខណៈលោកធ្លាប់រស់នៅទីនោះកាលពីកុមារ៕