(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យនេះសាកសពលោក Qassem Soleimani ដែលជាមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ ត្រូវបាននាំយកមកដល់ប្រទេសអ៊ីរ៉ង់វិញហើយ ក្រោយលោកត្រូវយោធាអាមេរិកធ្វើឃាតកម្ម តាមរយៈការវាយប្រហារពីលើអាកាសនៅប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។
សាកសពលោក Soleimani ត្រូវបានដឹកមកកាន់ទីក្រុង Ahvaz នៅភាគនិរតីអ៊ីរ៉ង់ ដែលជាទីពិធីគោរពវិញ្ញាណក័្ខន្ធលោកត្រូវបានរៀបចំឡើង ហើយប្រជាជនអ៊ីរ៉ង់ជាច្រើននាក់ដែលស្ថិតក្នុងសម្លៀកបំពាក់កាន់ទុក្ខពណ៌ខ្មៅ បាននាំគ្នាចូលរួម។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាថ្ងៃលោក Soleimani បាត់បង់ជីវិត បានប្រកាសទុក្ខរយៈពេល៣ថ្ងៃនៅទូទាំងប្រទេស សម្រាប់មរណភាពរបស់លោក Soleimani ហើយលោកក៏បានព្រមានសងសឹកលើសហរដ្ឋអាមេរិកវិញផងដែរ។
គួរជម្រាបថា លោក Qassem Soleimani ដែលជាប្រមុខអង្គភាពពិសេសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានស្លាប់កាលពីថ្ងៃសុក្រ ក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់យោធាអាមេរិក ទៅលើក្បួនរថយន្តលោកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់។ ក្រៅពីលោក Soleimani នៅមានមនុស្សមួយចំនួនទៀតដែលបានបាត់បង់ជីវិត រួមមានទាំងលោក Abu Mahdi al-Muhandis ដែលជាមេដឹកនាំកងជីវពលអ៊ីរ៉ាក់ម្នាក់ផងដែរ។ ការសម្លាប់លោក Soleimani កំពុងធ្វើឲ្យគ្រប់គ្នាបារម្ភថា អាមេរិកនិងអ៊ីរ៉ង់អាចនឹងផ្ទុះសង្រ្គាមជាមួយគ្នា៕