(ទ្រីប៉ូលី)៖ សាលាបណ្តុះបណ្តាលយោធាមួយកន្លែង ដែលស្ថិតក្នុងរដ្ឋធានីទ្រីប៉ូលីនៃប្រទេសលីប៊ី កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ បានទទួលរងការវាយប្រហារតាមផ្លូវអាកាស ដែលផ្តាច់ជីវិតនិស្សិត២៨នាក់ និងបង្កឲ្យរបួស១៨នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលលីប៊ីភាគខាងលិច (GNA) ដែលគ្រប់គ្រងទីក្រុងទ្រីប៉ូលី របាយការណ៍ជាបឋមបានបង្ហាញថា និស្សិត២៨នាក់បានស្លាប់ និង១៨នាក់ទៀតបានរងរបួស នៅសាលាទាហានខាងលើ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអាកាសបរទេស ដែលគាំទ្រលោក Khalifa Haftar។ លោក Khalifa Haftar គឺជាប្រមុខកងកម្លាំង LNA ដែលគ្រប់គ្រងតំបន់ភាគខាងកើតរបស់លីប៊ី។ យ៉ាងណាមិញ អ្នកនាំពាក្យម្នាក់របស់កងកម្លាំង LNA បានចេញមុខបញ្ជាក់ថាខ្លួន មិនមានពាក់ព័ន្ធនឹងករណីវាយប្រហារតាមផ្លូវអាកាសនោះឡើយ។
គួរជម្រាបថា កងកម្លាំងយោធា LNA បាននិងកំពុងបន្តធ្វើសកម្មភាពយោធាវាយប្រហារទៅលើទីក្រុងទ្រីប៉ូលី និងតំបន់ជុំវិញនោះ ចាប់តាំងតែពីខែមេសា ឆ្នាំ២០១៩មក ក្រោមគោលដៅព្យាយាមដណ្តើមកាន់កាប់យករដ្ឋធានីរបស់លីប៊ី និងផ្តួលរំលំរដ្ឋាភិបាល GNA ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។ សម្រាប់ការប្រយុទ្ធគ្នាជាច្រើនខែមកនេះ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ ខណៈច្រើនជាង១២០,០០០នាក់ ត្រូវរត់ចោលផ្ទះសម្បែងរបស់ពួកគេដើម្បីសុវត្ថិភាព៕