Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីតាំងឈរជើងទាំង៣៥របស់អាមេរិក នៅមជ្ឈិមបូព៌ានឹងមិនអាចគេចផុត ពីមីស៊ីលរបស់យើងទេ, នេះជាការព្រមានពីមេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់

04-01-2020 21:38

(តេហេរ៉ង់)៖ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Gholamali Abuhamzeh បានព្រមានថា មូលដ្ឋានទ័ព ឬទីតាំងឈរជើងរបស់កងទ័ពអាមេរិក ចំនួន៣៥ នៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់នោះទេ ហើយទីក្រុងតេហេរ៉ង់ នឹងតាមសងសឹកសហរដ្ឋអាមេរិក ទោះដល់ទីណាក៏ដោយឱ្យតែអាចទៅដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។

ការព្រមានធ្ងន់ៗខាងលើរបស់លោក Abuhamzeh ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានអ៊ីរ៉ង់ Tasnim នៅថ្ងៃសៅរ៍នេះ ចំពេលភាពតានតឹងរវាង អាមេរិក និងអ៊ីរ៉ង់ បានឡើងដល់ចំណុចកំពូល បន្ទាប់ពីមេបញ្ជាការកំពូលអ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានយោធាអាមេរិកសម្លាប់ចោលតាមបញ្ជា របស់លោក ដូណាល់ ត្រាំ នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រ កន្លងទៅ។ លោក Abuhamzeh បានគូសបញ្ជាក់ដូច្នេះថា៖ «ច្រកសមុទ្រ Hormuz គឺជាទីតាំងដ៏សំខាន់សម្រាប់លោកខាងលិច ហើយនាវាពិឃាត និងនាវាចម្បាំងអាមេរិកមួយចំនួនកំពុងឈរជើងនៅទីនោះ...តែតាមការពិតទៅទីតាំងឈរជើង របស់អាមេរិក ត្រូវបានអ៊ីរ៉ង់កំណត់ជាគោលដៅតាំងតែពីយូរណាស់មកហើយ។ និយាយឱ្យចំ មូលដ្ឋានទ័ព ឬទីតាំងឈរជើង ចំនួន៣៥របស់សហរដ្ឋអាមេរិក រួមទាំងទីក្រុងតែល អាវីវ មិនអាចគេចផុតពីមីស៊ីលរបស់យើងបាននោះទេ»។

គួរបញ្ជាក់ថា បើតាមលោក Gholamali Abuhamzeh ដែលជាមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រចាំខេត្ត Kerman អ៊ីរ៉ង់មានសិទ្ធិពេញលេញដើម្បី សងសឹកទៅនឹងសហរដ្ឋអាមេរិក ចំពោះការស្លាប់របស់លោក Soleimani។ លោក Soleimani ត្រូវបានសម្លាប់ដោយយន្ដហោះដ្រូនអាមេរិក នៅឯអាកាស យានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ហើយលោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា មេបញ្ជាការកំពូលរូបនេះ បាននិងកំពុងរៀបចំគម្រោងវាយប្រហារលើ យោធា និងមន្ត្រីទូតអាមេរិក ដូច្នេះអ្វីដែលអាមេរិកធ្វើ គឺដើម្បីការពារខ្លួនតែប៉ុណ្ណោះ៕