(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានសម្រេចចិត្តបណ្ដេញមន្ត្រីការទូតកំពូលម្នាក់ ទទួលបន្ទុកកិច្ចការទីក្រុងហុងកុង គឺលោក Wang Zhimin ចេញពីតំណែង ហើយ បន្ទាប់ពីបាតុកម្មតវ៉ាដ៏ចលាចលអស់រយៈពេលជាច្រើនខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។
លោក Wang Zhimin គឺជានាយកការិយាល័យទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ប្រចាំទីក្រុងហុងកុង ហើយបើតាមស៊ីនហួរ លោក Wang នឹងត្រូវបាន ជំនួសតំណែងដោយលោក Luo Huining ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ ការបណ្ដេញលោក Wang Zhimin ចេញពីតំណែងធ្វើឡើង៦ខែ ក្រោយទីក្រុងហុងកុងធ្លាក់ចូលក្នុងភាពចលាចលដោយសារបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលលោកស្រី Carrie Lam អស់រយៈពេលជាង៦ខែមកនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុងនៅតែបន្តកើតមាននៅឡើយ បើទោះជាច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបាន លុបចោលទាំងស្រុងតាមសំណូមពរក្រុមបាតុករក៏ដោយ។ ក្រុមបាតុករបានបន្ថែមការទាមទារកាន់តែច្រើន ក្នុងនោះរួមមានទាំងការស្នើឱ្យលោកស្រី Carrie Lam ចុះចេញពីតំណែងផងដែរ៕