(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កតត៍ ម៉ូរីសុន (Scott Morrison) បានប្រកាសថា កងទ័ពបម្រុងប្រមាណ ៣,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយភ្នាក់ងារពន្លត់អគ្គីភ័យ ដែលកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃ។
២៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងរដ្ឋធានីហ្សាការតា បានកើនដល់ ៥៣នាក់ហើយ រីឯប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅតាមជំរំស្នាក់នៅបណ្ដោះអាសន្ន ដោយពុំទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែង របស់ពួកគេនៅឡើយទេ។
៣៖ ពលរដ្ឋអាមេរិករាប់សិបនាក់ ដែលកំពុងធ្វើការនៅតាមក្រុមហ៊ុនប្រេង ក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ បានចាប់ផ្ដើម ចាកចេញជាបណ្ដើរៗហើយបន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។
៤៖ ស្ថានីយទូរទស្សន៍អ៊ីរ៉ាក់បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារ តាមផ្លូវអាកាសថ្មីមួយទៀត ដោយមានគោលដៅលើមេបញ្ជាការម្នាក់នៃកងជីវពល ហាហ្សេដ អាល់ហ្សាអាប៊ី (Hashed al-Shaabi) ក្នុងប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃសៅរ៍នេះ
៥៖ ខណៈប្រទេសអូស្ត្រាលីដែលស្ថិតនៅឯនាយសមុទ្រ កំពុងតែរងគ្រោះធ្ងន់ធ្ងរដោយភ្លើងឆេះព្រៃនោះ នៅប្រទេសនូវែលសេឡង់ឯណេះវិញ ក៏មានហេតុការណ៍មួយបានកើតមានឡើងផងដែរ នោះគឺត្រីបាឡែនប្រភេទផាយឡុត (Pilot Whale) ប្រមាណជិត ១០ក្បាលបានហែលមកទើលើឆ្នេរសមុទ្រ។
៦៖ សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពពី ៣,០០០-៣,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ព្រមានសងសឹក ជូនវិញ្ញាណក្ខន្ធមេទ័ពកំពូលរបស់ខ្លួន គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani)៕