(វ៉ាលីងតោន)៖ ខណៈប្រទេសអូស្ត្រាលីដែលស្ថិតនៅឯនាយសមុទ្រ កំពុងតែរងគ្រោះធ្ងន់ធ្ងរដោយភ្លើងឆេះព្រៃនោះ នៅប្រទេសនូវែលសេឡង់ឯណេះវិញ ក៏មានហេតុការណ៍មួយបានកើតមានឡើងផងដែរ នោះគឺត្រីបាឡែនប្រភេទផាយឡុត (Pilot Whale) ប្រមាណជិត ១០ក្បាលបានហែលមកទើលើឆ្នេរសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ Japan Times នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើនេះបានកើតមានឡើង នៅតាមបណ្តោយឆ្នេរសមុទ្រនៃឧបទ្វីប ខូរ៉ូណាន់ឌែល (Coromandel Peninsula) ដែលស្ថិតនៅចុងកោះធំខាងជើង នៃប្រទេសនូវែលសេឡង់។ អាជ្ញាធរនៅកន្លែងកើតហេតុបានឲ្យដឹងថា ត្រីបាឡែនចាប់ផ្តើមហើយមកទើលើឆ្នេរសមុទ្រជាបន្តបន្ទាប់ តាំងពីតែពេលរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍នេះ ហើយបើរាប់ចំនួនទៅគឺមានជិត ១០ក្បាល ប៉ុន្តែចំណោមក្នុងនោះ ០៤ក្បាលបានងាប់បាត់ទៅហើយ។
គួរបញ្ជាក់ថា មនុស្សប្រមាណ ១,០០០នាក់បានប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រ ដើម្បីទស្សនាទិដ្ឋភាពខាងលើនេះ ហើយក្រុមអ្នកជំនាញបានព្យាយាមសង្គ្រោះ និងនាំត្រីបាឡែនដែលនៅរស់ ព្រលែងទៅក្នុងសមុទ្រវិញ ហើយសម្រាប់ត្រីបាឡែនដែលងាប់នឹងត្រូវយកទៅកប់ចោល។ ហេតុការណ៍ស្រដៀងៗគ្នា នេះតែងតែកើតឡើងជារៀងរាល់ឆ្នាំ ដោយសារតែប្រែប្រួលនៃអាកាសធាតុ នៅតំបន់សមុទ្រ៕