(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងរដ្ឋធានីហ្សាការតា បានកើនដល់ ៥៣នាក់ហើយ រីឯប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅតាមជំរំស្នាក់នៅបណ្ដោះអាសន្ន ដោយពុំទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែង របស់ពួកគេនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។
រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំខុសពីធម្មតា ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះ មកម្ល៉េះ ដែលជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រួមនិងបំណាក់ដី។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរក្នុងទីក្រុងត្រូវ ជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ ហើយប្រជាជនច្រើនជាង ១៧០,០០០នាក់ នៅតែបន្តស្នាក់នៅតាមជំរំ ស្នាក់នៅបណ្ដោះអាសន្ននៅឡើយ និងមនុស្សម្នាក់ទៀតបានបាត់ខ្លួន។
គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី បានព្យាករណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃសៅរ៍ស្អែកនេះ ឬអាចរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយក៏ថាបាន នៅក្នុងទីក្រុងហ្សាការតា។ គួររំលឹកថា កំឡុងគ្រោះទឹកជនន់ធំមួយកាលពីឆ្នាំ២០០៧ នៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជុំវិញនោះបានសម្លាប់មនុស្សយ៉ាងតិច ៨០នាក់ រីឯ ៣២០,០០០នាក់ត្រូវបានជម្លៀសពីលំនៅឋាន ទៅរកទីកន្លែងមានសុវត្ថិភាព៕