Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ «ការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ គឺដើម្បីកុំឲ្យសង្គ្រាមផ្ទុះឡើង»

04-01-2020 09:17

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តបញ្ជូនទ័ពរាប់ពាក់នាក់បន្ថែមទៀត ទៅកាន់មូលដ្ឋាននានារបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោយប្រមុខដឹកនាំកំពូលយោធាអ៊ីរ៉ង់បានប្តេជ្ញាថា នឹងធ្វើការសងសឹកអាមេរិកវិញឲ្យចាស់ដៃបំផុត ខណៈលោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកមិនចង់ផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ឬក៏បង្កសង្គ្រាមនោះឡើយ ហើយការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ គឺស្ថិតក្នុងន័យការពារមិនឲ្យសង្គ្រាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «លោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានបញ្ឈប់នៅមុនពេលដែលលោក ឈានទៅវាយប្រហារមន្ត្រីទូតអាមេរិក។ ទោះបីជាបែបនេះក្តី យើងគ្មានចេតនាក្នុងការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់នោះទេ។ លោក Soleimani បានកំពុងរៀបចំផែនការវាយប្រហារ ដែលជិតមកដល់ហើយគួរឱ្យស្អប់ខ្ពើម មកលើមន្ត្រីទូតអាមេរិក និងកងកម្លាំងយោធា ប៉ុន្តែយើងបានបញ្ឈប់សកម្មភាពនេះទាន់ពេល»

ដោយមើលឃើញនូវភាពរំជើបរំជួលទូទាំងពិភពលោក ជាពិសេសកំហឹងពុះពោទាំងនៅអ៊ីរ៉ង់ និងអ៊ីរ៉ាក់នោះ លោក ដូណាល់ ត្រាំ បានថ្លែងក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងយ៉ាងដូច្នេះថា «យើងមិនបានចេញសកម្មភាពនេះ ដើម្បីចាប់ផ្តើមបង្កសង្គ្រាមឡើយ។ យើងមិនបានព្យាយាមប្តូររបបអ៊ីរ៉ង់នោះទេ។ អាមេរិកផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ គឺដើម្បីកុំឲ្យសង្គ្រាមផ្ទុះឡើង មិនមែនជាការចាប់ផ្តើមសង្គ្រាមមួយឡើយ»

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាការសម្លាប់លោក Qasem Soleimani របស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ ភ្លាមៗក្រោយលេចដំណឹងនៃការស្លាប់របស់លោក Soleimani លោក ត្រាំ បានបង្ហោះរូបភាពទង់ជាតិអាមេរិកនៅលើបណ្តាញ Twitter ដោយពុំមានសរសេរអ្វីទាំងអស់៕