(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ថា សហរដ្ឋអាមេរិកពិតជាបានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់លោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី (Qassem Suleimani) រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុម ខាថេប ហេសបូលឡាហ៍ (Kataib Hezbollah) ឬកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) តាមការបញ្ជាដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានទទួលស្គាល់ចំពោះមរណភាពរបស់លោក Suleimani ផងដែរ ដោយថែមទាំងបានសន្យាដែរថា នឹងចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ ដែលនេះបង្កឱ្យមានការព្រួយបារម្ភជាច្រើន អំពីលទ្ធភាពនៃការផ្ទុះជម្លោះ ប្រដាប់អាវុធរវាងអាមេរិក និងអ៊ីរ៉ង់ដែលកំពុងមានភាពតានតឹងហ្នឹងគ្នាស្រាប់។
* តើលោក Qassem Suleimani គឺជានរណា?
លោកឧត្ដមសេនីយ៍ Qassem Suleimani គឺជាមេបញ្ជាការកំពូលនៃកងអង្គភាពពិសេស (Quds Force) ស្ថិតនៅក្រោមឱវាទរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ លោក Soleimani កើតនៅឆ្នាំ១៩៥៧ ហើយលោកបានចូលរួមជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅឆ្នាំ១៩៧៩ ក្រោយបដិវត្តន៍ផ្ដួលរំលំរបបស្ដេច ហ្សាហ៍ (Shah) អ៊ីរ៉ង់។ ដោយសារតែភាពប៉ិនប្រសព្វ និងសមត្ថភាពលេចធ្លោ លោក Suleimani បានឡើងតំណែងយ៉ាងឆាប់រហ័ស រហូតដល់ក្លាយជាមេបញ្ជាការកងអង្គភាព Quds Force នៅឆ្នាំ១៩៩៨ ដែលមានកងកម្លាំងចន្លោះពី ១០,០០០-២០,០០០នាក់ និងមានតួនាទីដឹកនាំប្រតិបត្តិការនៅក្រៅប្រទេស ក្នុងនោះមានដូចជាការបណ្ដុះបណ្ដាល ការបំពាក់អាវុធ និងការផ្ដល់ជំនួយ ឬការគាំទ្រនានាដល់កងជីវពលស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ទាំងអស់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅស៊ីរី អ៊ីរ៉ាក់ និងយ៉េមែន។
* តើអ៊ីរ៉ង់នឹងសងសឹកសហរដ្ឋអាមេរិកតាមវិធីណា?
ការវាយប្រហារតាមផ្លូវអាកាសសម្លាប់ លោក Qassem Suleimani កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចោទថាអ៊ីរ៉ង់គឺជាអ្នករៀបចំ និងជាអ្នកនៅពីក្រោយការវាយប្រហារ ក៏ដូចជាបាតុកម្មបំផ្លាញស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់។ «តបតាមបញ្ជាដោយផ្ទាល់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាព ការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani។
ការវាយប្រហារនេះគឺមានគោលបំណងបង្រ្កាប ផែនការវាយប្រហារនានា របស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក នឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក»។ នេះបើតាមការសេចក្ដីថ្លែងការណ៍ ចេញដោយក្រសួងការពារជាតិអាមេរិក។
ជុំវិញមរណភាពលោក Soleimani ក្រៅតែពីការថ្កោលទោស និងចាត់ទុកការវាយប្រហាររបស់សហរដ្ឋអាមេរិក «ជាទង្វើភេរករអន្តរជាតិ» មេដឹនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ក៏បានព្រមានសងសឹកសហរដ្ឋអាមេរិកវិញដែរ។ ការសងសឹកដែលអះអាងដោយលោក Khamenei ត្រូវបានគេមើលឃើញថា អាចជាការវាយប្រហារលើកងកម្លាំងអាមេរិក និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាទីដែលទីក្រុងតេហេរ៉ង់ បានចំណាយពេល ១៥ឆ្នាំមកហើយដើម្បីបង្កើតបណ្ដាញ និងបំពាក់បំប៉នកងជីវពលស៊ីអ៊ីត និងអ្នកនយោបាយមួយចំនួន។
ម្យ៉ាងវិញទៀត នៅក្នុងការវាយប្រហារសម្លាប់លោក Soleimani ក៏បាន បណ្ដាលឱ្យមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងជីវពល Kataib Hezbollah ឬកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ គឺលោក Abu Mahdi al-Muhandis បាត់បង់ជីវិតផងដែរ។ ដូច្នេះការស្លាប់របស់លោក al-Muhandis ទំនងជានឹងត្រួវបានអ៊ីរ៉ង់ប្រើប្រាស់ ក្នុងចេតនាពង្រីកគំនិតស្អប់ខ្ពើមអាមេរិក ឬបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រ ឬសមាជិកកងជីវពល Kataib Hezbollah ធ្វើសកម្មភាពប្រឆាំងសហរដ្ឋអាមេរិក ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីឆ្នាំ១៩៨៨។
នៅឆ្នាំ១៩៨៣ កងជីវពល Hezbollah លីបង់ក្រោមការគាំទ្រពីអ៊ីរ៉ង់ បានវាយប្រហារលើស្ថានទូតអាមេរិកប្រចាំទីក្រុង ប៊ែរូត (Beirut) ព្រមទាំងអគាររបស់កងម៉ារីនអាមេរិក ដោយបានផ្ដាច់ជីវិតកងម៉ារីនអាមេរិក ២២០នាក់ និងជនជាតិអាមេរិករាប់សិបនាក់ទៀត។
* តើការស្លាប់របស់លោក Suliemani នឹងជួយឱ្យពង្រឹងនយោបាយអ៊ីរ៉ង់?
ខណៈអ្នកនយោបាយ និងប្រជាជនអ៊ីរ៉ាក់មួយចំនួនធំ កំពុងធុញទ្រាន់នឹងវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ពួកគេ អ៊ីរ៉ង់អាចនឹងរុញទូកបណ្ដោយទឹក ដោយយកការស្លាប់របស់លោក Suliemani និងលោក al-Muhandis ដើម្បីដុតឱ្យមានបាតុកម្មតវ៉ា និងពង្រីកគំនិតស្អប់ខ្ពើមអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលតែម្ដង។ លើសនេះទៅទៀត របបដឹកនាំទីក្រុងតេហេរ៉ង់ ក៏អាចនឹងយកជម្លោះជាមួយសហរដ្ឋអាមេរិក ដើម្បីបង្វែរចំណាប់អារម្មណ៍ របស់ប្រជាជនអ៊ីរ៉ង់ ឱ្យបញ្ឈប់ការធ្វើបាតុកម្មតវ៉ា ហើយងាកមករួមដៃជាមួយរដ្ឋាភិបាល ដើម្បីប្រឆាំងសហរដ្ឋអាមេរិកវិញផងដែរ។
តែទោះជាយ៉ាងនេះក្ដី ការវាយប្រហារទ្រង់ទ្រាយធំដោយផ្ទាល់ណាមួយ ពីសំណាក់កងទ័ពអ៊ីរ៉ង់ ប្រឆាំងនឹងកងទ័ពអាមេរិក ទំនងជាមានភាគរយតិចណាស់ដែល អាចនឹងក្លាយជម្រើសរបស់អ៊ីរ៉ង់ ដ្បិតអ៊ីរ៉ង់ដឹងយ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមែនជាដៃគូរបស់សហរដ្ឋអាមេរិកនោះទេ ពោលបើសង្រ្គាមផ្ទុះឡើងអ៊ីរ៉ង់មុខ ជាចាញ់សហរដ្ឋអាមេរិក។
ដូច្នេះតេហេរ៉ង់អាចនឹងប្រើប្រាស់យុទ្ធសាស្ត្រចាស់ ដែលខ្លួនធ្លាប់ប្រើនារយៈពេលប៉ុន្មានឆ្នាំមកនេះ នោះគឺគាំទ្រ ឬផ្ដល់អាវុធឱ្យកងជីវពលស៊ីអ៊ីត ឬអ្នកគាំទ្ររបស់ខ្លួននៅស៊ីរី អ៊ីរ៉ាក់ ឬយ៉េមែន បើកការវាយប្រហារលើកងទ័ពអាមេរិក ឬមូលដ្ឋានអាមេរិក ឬក៏សម្ព័ន្ធមិត្តអាមេរិកដូចជា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម និយាយឱ្យតែអាចបំផ្លាញសហរដ្ឋអាមេរិកបាន។
* តើរដ្ឋបាលលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនសម្រាប់ផលវិបាកដែលខ្លួនបង្កឡើងដែរ ឬទេ?
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសសម្លាប់លោក Qasem Soleimani គឺជាបញ្ជា ដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអះអាងថា ការវាយប្រហារនេះ គឺមានគោលបំណងបង្រ្កាបផែនការវាយប្រហារនានារបស់អ៊ីរ៉ង់ ដឹកនាំដោយលោក Soleimani ប្រឆាំងកងទ័ពអាមេរិក បន្ទាប់ពីលោកផ្ទាល់បានចោទថា តេហេរ៉ង់គឺជាអ្នកនៅពីក្រោយបាតុកម្ម ដុតបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ កាលពីថ្ងៃប៉ុន្មានថ្ងៃមុននេះ។
ដូច្នេះតាមរយៈសេចក្ដីថ្លែងការណ៍ខាងលើនេះ មិនមែនលោក ត្រាំ ផ្ទាល់មិនបានដឹងនោះទេថា ការសម្លាប់លោក Soleimani នឹងបង្កផលវិបាកដល់កងទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែលោក ត្រាំ ត្រូវតែចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហារ និងបំផ្លាញលើស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ ដែលលោកផ្ទាល់ចោទថាជាទង្វើរបស់អ៊ីរ៉ង់ អាចមកពីមូលហេតុពីរធំៗនោះគឺ៖
ទី១៖ ដើម្បីការពារមុខមាត់ជាមហាអំណាចលេខមួយ នៅលើពិភពលោក ដោយយកការវាយប្រហារតាមផ្លូវអាកាសសម្លាប់លោក Soleimani ជាការព្រមានដល់អ្នកដទៃថា ការវាយប្រហារ ឬបំផ្លាញផលប្រយោជន៍អាមេរិក នឹងទទួលលទ្ធផលដូចជាមេទ័ពអ៊ីរ៉ង់រូបនេះ។
ទី២៖ លោក ត្រាំ ចង់បង្ហាញថា ក្នុងនាមជាប្រធានាធិបតីអាមេរិក លោកអាចប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីការពារផលប្រយោជន៍អាមេរិក ដែលនេះអាចជាយុទ្ធសាស្រ្តមួយ ក្នុងការទាក់ទាញការគាំទ្រពីប្រជាជនអាមេរិក និងជាពិសេសពីសមាជិកព្រឹទ្ធសភាអាមេរិក ខណៈលោកផ្ទាល់កំពុង ប្រឈមុខនឹងសវនាកាលើនីតិវិធីដកតំណែងដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងព្រឹទ្ធសភានៅខែមករានេះ។
ជាក់សែ្ដងក្រោយការវាយប្រហារសម្លាប់ លោក Soleimani ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាល្បីៗ មកពីគណបក្សសាធារណរដ្ឋជាច្រើន ក្នុងនោះរួមមានទាំងលោក មីត រ៉ុមណី (Mitt Romney), លោក លីនសេយ ក្រាហាំ (Lindsay Graham) និងលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) សុទ្ធតែបង្ហាញការគាំទ្រដល់ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ៕
ប្រភព៖ Vox (ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០)