(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទំាងអស់ ជាពិសេសគឺទីក្រុងវ៉ាស៊ីនតោនរក្សាភាពអត់ធ្មត់ បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់ម្នាក់គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ហ្ស័ង (Geng Shuang) បានគូសបញ្ជាក់ដូច្នេះថា «ចិនតែងតែជំទាស់ជានិច្ចទៅនឹងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហា ដូច្នេះយើងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺសហរដ្ឋអាមេរិករក្សាភាពអត់ធ្មត់ សំដៅបញ្ចៀសរាល់ភាពតាងតឹង និងជម្លោះទាំងឡាយ»។
គួរជម្រាបថា នាថ្ងៃសុក្រក្រសួងការពារជាតិអាមេរិកបានប្រកាសថា យោធាអាមេរិកក្រោមការបញ្ជាដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ បានដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយ នៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានគោលដៅផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់ម្នាក់ គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ហើយប្រតិបត្តិការនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅក្បែរព្រលានយន្តហោះអន្តរជាតិនៃទីក្រុងបាកដាដ ដោយលោក Soleimani ត្រូវបានសម្លាប់ជាមួយមនុស្សចំនួនទៀតរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ផងដែរ។
ទង្វើនេះបានធ្វើឲ្យអ៊ីរ៉ង់មានប្រតិកម្មធ្ងន់ៗ និងបានព្រមានសងសឹកឲ្យ ចាស់ដៃវិញលើទីក្រុងវ៉ាស៊ីនតោន ខណៈក្រសួងការបរទេសអាមេរិក បានជំរុញឱ្យ ពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីអ៊ីរ៉ាក់ជាបន្ទាន់ ដើម្បីសុវត្ថិភាព។ ដោយឡែកសម្រាប់ស្ថានការណ៍នៅមជ្ឈិមបូព៌ាវិញ ក្រសួងការពារជាតិអង់គ្លេសបានប្រាប់ ទៅកាន់មូលដ្ឋានទ័ពនានារបស់ខ្លួន នៅប្រទេសតួកគី អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតជាដើម ឲ្យមានការប្រុងជើងការកម្រិតខ្ពស់ ខណៈអ៊ីស្រាអែលវិញកំពុងតែធ្វើការរឹតបន្តឹង ផ្នែកសន្តិសុខនៅគ្រប់ស្ថានទូតរបស់ខ្លួនទាំងអស់ នៅតាមបណ្តាប្រទេសមជ្ឈិមបូព៌ា៕