(ប៉េកាំង)៖ បុរសម្នាក់ត្រូវបានតុលាការនៅប្រទេសចិន បង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន១៧,២០០ដុល្លារ ដោយសារតែការបោះកាក់ចូលក្នុង ម៉ាស៊ីនយន្តហោះ នៅពេលត្រៀមចេញដំណើរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។
បុរសខាងលើដែលមានឈ្មោះ Lu Chao អាយុ២៨ឆ្នាំ បានសារភាពថាលោកពិតជាបានបោះកាក់ចូលក្នុងម៉ាស៊ីនយន្តហោះមែន ពេលឡើង ជើងហោះហើរក្នុងស្រុកមួយរបស់អាកាសចរណ៍ Lucky Air នៅក្នុងអាកាសយានដ្ឋាន Anqing Tianzhushan នៅភាគខាងកើតប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ លោកបានបញ្ជាក់ថា ការធ្វើបែបនេះគឺលោកចង់បួងសួងសុំសំណាងល្អ ហើយវាក៏ជាការធ្វើដំណើរលើកទីមួយរបស់ លោកផងដែរ តាមយន្តហោះបែបនេះ។ ជាសំណាងល្អ ជើងហោះហើរនោះត្រូវបានលុបចោល ក្រោយកាក់តម្លៃមួយយ័នចំនួនពីរ ត្រូវគេ ប្រទះ ភ្នែកឃើញទាន់ពេលវេលា នៅក្បែរម៉ាស៊ីនមួយចំហៀងរបស់យន្តហោះ។
គួរជម្រាបថា លោក Lu បានបង្ហាញខ្លួននៅសវនាការក្នុងតុលាការ តាំងតែពីខែកក្កដា ឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែលទ្ធផលនៃការកាត់ក្តីទើបតែ តែត្រូវបានប្រកាសឲ្យដឹងជាសាធារណៈនាពេលថ្មីៗនេះប៉ុណ្ណោះ។ ក្នុងសវនាការ លោក Lu បានបន្ទោសលើក្រុមហ៊ុនអាកាសចរណ៍ Lucky Air ថា អាកាសចរណ៍នេះគួរតែមានការណែនាំជាមុន កុំឲ្យអ្នកដំណើរបោះបាក់ចូលក្នុងម៉ាស៊ីនយន្តហោះ៕