(បាកដាដ)៖ លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក លើក្បួនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមអ្នកនាំពាក្យកងជីវពលអ៊ីរ៉ាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។
អ្នកនាំពាក្យកងជីវពលនៃកងកម្លាំងចលនាប្រជាជន (Popular Mobilization Forces) គាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកទទួលស្គាល់ព័ត៌មានខាងលើ ជាមួយការគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក Qassem Soleimani និងលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការរបស់ពួកយើង»។
ចំណែកឯ ក្រុមមន្ត្រីអ៊ីរ៉ាក់ និងទូរទស្សន៍រដ្ឋក៏បានរាយការណ៍ពីការស្លាប់របស់ មេបញ្ជាការកងទ័ពជាន់ខ្ពស់ទំាងពីររូបនេះដែរ ខណៈបើតាមសេចក្ដីរាយការណ៍ដំបូង ពីកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបំផ្លាញរថយន្ដពីរគ្រឿង ដែលដឹកភ្ញៀវបរទេសជាន់ខ្ពស់ជាច្រើននាក់ ហើយក្នុងនោះមនុស្ស ០៨នាក់បានស្លាប់។
ប៉ុន្តែខាងភាគីអ៊ីរ៉ង់មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ខណៈប្រភពផ្លូវការបន្តទៀត គឺត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋាភិបាលអ៊ីរ៉ាក់៕