(ម៉ិចស៊ីកូ)៖ អ្នកទោសយ៉ាងហោច១៦នាក់ បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានជម្លោះប្រយុទ្ធគ្នាដ៏ហិង្សាមួយ ផ្ទុះឡើងនៅក្នុងពន្ធនាគារ មួយកន្លែង ស្ថិតនៅរដ្ឋ Zacatecas នៃភាគខាងជើងប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
ជម្លោះរវាងអ្នកទោសមកពីក្រុមផ្សេងៗគ្នា បានកើតឡើង នៅម៉ោងប្រមាណ ២៖៣០នាទីរសៀល កាលពីថ្ងៃអង្គារកន្លងទៅ នៅឯពន្ធនាគារក្នុងទីក្រុង Cieneguillas ស្ថិតនៅចំងាយ១៣គីឡូម៉ែត្រ រដ្ឋ Zacatecas។ បើតាម ប៉ូលិសម៉ិចស៊ីកូ អ្នកទោសម្នាក់ត្រូវបានចាប់ខ្លួនជាមួយកាំភ្លើងមួយដើម ហើយ ពួកគេបានរកឃើញកាំភ្លើងបីដើមទៀត ព្រមទាំងកូនកាំបិតជាច្រើននៅក្នុងពន្ធនាគារ។ ប៉ូលិស បញ្ជាក់ទៀតថា កាំភ្លើង និងអាវុធទាំងនេះទំនងជាត្រូវបាន គេនាំចូលក្នុងពន្ធនាគារ កំឡុងពេលសួរសុខទុក្ខអ្នកទោស នាឱកាសថ្ងៃចូលឆ្នាំសកល។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកទោសស្លាប់ទាំង១៦នាក់ មាន១៥នាក់ស្លាប់នៅក្នុងពន្ធនាគារ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ចំណែកឯ អ្នករងរបួស ៥នាក់ ស្ថិតនៅក្នុងស្ថាននឹងនរឡើងវិញ ខណៈអាជ្ញាធរម៉ិចស៊ីកូ កំពុងធ្វើការស៊ើបអង្កេតលើករណីហិង្សានេះ៕