(ហ្សាការតា)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្សកើនដល់ ២១នាក់ និងរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ហើយបើតាមការព្យាករណ៍ ភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងថែមទៀត សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា គ្រោះទឹកជំនន់បានធ្វើឲ្យដាច់ផ្លូវរថភ្លើង និងបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនី នៅតាមផ្នែកជាច្រើនក្នុងទីក្រុងហ្សាការតា។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះមនុស្សជាង ៦២,០០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងរដ្ឋធានីរបស់ឥណ្ឌូណេស៊ី រីឯសត្វចិញ្ចឹមរាប់ពាន់ក្បាល បានងាប់ និងលំនៅឋានខ្ទង់ពាន់ខ្នងបានរងការខូចខាត ដោយសរុបទាំងនៅតាមតំបន់ក្បែរខាង។ សម្រាប់អ្នកបាត់បង់ជីវិតទាំង ២១នាក់មានមួយចំនួនស្លាប់ដោយសារលង់ទឹក មួយចំនួនទៀតដោយសារគ្រោះបំណាក់ដី ខណៈមនុស្ស ០៤នាក់បានឆក់ចរន្តអគ្គិសនី និង ០៣នាក់បានស្លាប់ ដោយសារមិនអាចស៊ូទ្រាំនឹងបរិស្ថានដ៏អាក្រក់នៅជុំវិញខ្លួន។
គួរជម្រាបថា យោងតាមទីភ្នាក់ងារជំនាញរបស់ឥណ្ឌូណេស៊ី ភ្លៀងទំនងជានឹងបន្តធ្លាក់ខ្លាំង យ៉ាងហោចណាស់រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយអាជ្ញាធរបានណែនាំឲ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងបំណាក់ដី ដែលនឹងអាចកើតឡើងជាបន្តបន្ទាប់។ រដ្ឋធានីហ្សាការតា និងតំបន់នៅជុំវិញនោះ គឺជាទីជម្រកនៃមនុស្សប្រមាណជាង ៣០លាននាក់ ប៉ុន្តែកាលពីឆ្នាំ២០១៩ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីគម្រោង ផ្លាស់ប្តូររដ្ឋធានីចេញពីហ្សាការតា ដែលនៅលើកោះជ្វា ទៅកាន់ខេត្តកាលីម៉ាន់តាន់ (Kalimantan) ខាងកើតនៅលើកោះ ប័រណេអូ (Borneo) វិញ ប៉ុន្តែក្រសួងផែនការឥណ្ឌូណេស៊ីបានសន្យាថា រដ្ឋាភិបាលនឹងវិនិយោគទំហំ ៤០ពាន់លានដុល្លារ សម្រាប់ការធ្វើទំនើបកម្មលើទីក្រុងហ្សាការតា៕