(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី បានទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់រាប់ពាន់នាក់ ជម្លៀសខ្លួនចេញជាបន្ទាន់ពីតំបន់ដែល កំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃ ខណៈរលកកម្ដៅនឹងកើនឡើងរឹតតែខ្លាំងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
នៅក្នុងសប្ដាហ៍នេះ ភ្លើងឆេះព្រៃ បានផ្ដាច់ជីវិតមនុស្ស៨នាក់ ហើយក្នុងនោះមានអ្នកស្លាប់០៧នាក់ នៅរដ្ឋញូសោតវែលស៍ (NSW) និងម្នាក់នៅ រដ្ឋវិចតូរៀ (Victoria)។ រីឯ ផ្ទះសម្បែងសរុប ៣៨២ខ្នង ក៏ត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះផងដែរ ខណៈភ្លើងឆេះព្រៃ ប្រមាណ១១០កន្លែងកំពុងបន្តកើតឡើង នៅក្នុងរដ្ឋ NSW និង ៣៨កន្លែងនៅរដ្ឋ Victoria ដោយគ្មានសញ្ញាបញ្ជាក់ថា វានឹងអាចធូរស្រាល ឬរលត់នៅពេលណានោះឡើយ។ ប្រឈមមុខនឹង គ្រោះមហន្តរាយនេះ អាជ្ញាធរអូស្ត្រាលីបានព្រមាន និងទុកពេលមិនដល់៤៨ម៉ោងទេ ដើម្បីឱ្យភ្ញៀវទេសចរ និងប្រជាជនចាកចេញពីតំបន់កំពុងឆាបឆេះ ដោយសារភ្លើងឆេះព្រៃ ឱ្យបានមុនថ្ងៃសៅរ៍ ពីព្រោះសីតុណ្ហភាពអាចនឹងកើនឡើងលើស៤០អង្សាសេ។
គួរជម្រាបថា រដូវកាលភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី ដែលកំពុងអូសបន្លាយមកទល់នឹងពេលនេះ បានផ្ដាច់ជីវិតមនុស្ស១៨នាក់ហើយ ព្រមទាំងបាន បំផ្លាញផ្ទះសម្បែងច្រើនជាង ១,០០០ខ្នង និងឆេះនៅលើផ្ទៃដី ៥.៥លានហិកតា។ បន្ថែមពីលើនេះ បើតាមអាជ្ញាធរ មនុស្ស១៧នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួននៅឡើយក្នុងរដ្ឋ Victoria៕