(តៃប៉ិ)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាប្រមុខកងទ័ពតៃវ៉ាន់ លោកឧត្ដមសេនីយ Shen Yi-ming និងមនុស្ស៧នាក់ ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅឯតំបន់ភ្នំមួយកន្លែង កំឡុងពេលធ្វើការចុះចតជាបន្ទាន់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
ប្រធានសេនាធិការកងទ័ពអាកាសតៃវ៉ាន់ លោក Shen Yi-ming និងយោធា៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រធុន UH-60M Black Hawk ធ្លាក់នៅ ឯតំបន់ភ្នំមួយស្ថិតនៅក្បែរទីក្រុងតៃប៉ិ ខណៈមនុស្ស៥នាក់ ត្រូវបានជួយសង្រ្គោះ។ បើតាមក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Shen អាយុ៦២ឆ្នាំ និងមន្ត្រីយោធាជាច្រើននាក់ បានជិះនៅលើឧទ្ធម្ភាគចក្រនេះ ដើម្បីទៅសួរសុខទុក្ខកងទ័ពនៅភាគឦសានតំបន់ Yilan មុននឹងបុណ្យចូលឆ្នាំចិន មកដល់នៅចុងខែមករានេះ។
តែយ៉ាងណាក៏ដោយ មូលហេតុបង្កឱ្យមានសោកនាដកម្មនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ថាឧទ្ធម្ភាគចក្ររបស់ លោក Shen ធ្លាក់កំឡុងពេលធ្វើការចុះចតជាបន្ទាន់មួយ ក្រោយមានបញ្ហាបច្ចេកទេស៕