(តូក្យូ)៖ នៅក្នុងកិច្ចចាប់ផ្តើមបើកទំព័រនៃឆ្នាំសកលឆ្នាំ២០២០ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Haruhito) បានមានព្រះបន្ទូលប្រកបដោយក្តីសង្ឃឹមថា ពេញមួយឆ្នាំនេះជប៉ុននឹងរួចផុតពី គ្រោះធម្មជាតិទាំងអស់ ហើយទ្រង់ក៏បានរំលឹកផងដែរអំពីទុក្ខវេទនា ដែលប្រជាជនជប៉ុនបានជួបប្រទះ ដោយសារតែព្យុះទីហ្វុង និងជំនន់ទឹកភ្លៀងកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០១៩។
នៅក្នុងពិធីថ្លែងព្រះរាជសារស្វាគមន៍ឆ្នាំថ្មី ដែលមានព្រះរាជវត្តមានរបស់ម្ចាស់ក្សត្រី ម៉ាសាកុ (Masako) ផងដែរនោះ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ បានមានព្រះបន្ទូល យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានសេចក្តីសោមនសរីករាយ នៅក្នុងការរៀបចំស្វាគមន៍ឆ្នាំថ្មីជាមួយអ្នកទាំងអស់គ្នា។ យ៉ាងណាមិញ ខ្ញុំពិតជាព្រួយបារម្ភចំពោះប្រជាជន ដែលកំពុងរស់នៅ ជាមួយស្ថានភាពដ៏លំបាកនៅឡើយ ដោយសារតែព្យុះទីហ្វុង និងជំនន់ទឹកភ្លៀង ដែលបានកើតមានឡើងកាលពីឆ្នាំ២០១៩។ ដូច្នេះខ្ញុំសង្ឃឹមថា ឆ្នាំនេះ (ឆ្នាំ២០២០) នឹងក្លាយជាឆ្នាំដ៏ល្អ និងប្រកបដោយសុខ សន្តិភាពពេញលេញ ហើយគ្មានគ្រោះធម្មជាតិអ្វីកើតមានឡើងនោះឡើយ»។
គួរបញ្ជាក់ថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ព្រះចៅអធិរាជជប៉ុន និងអគ្គមហេសីបានយាងទៅបំពេញទស្សនកិច្ច នៅតំបន់ភាគឦសានប្រទេស ដែលបានទទួលរងគ្រោះដោយសារព្យុះទីហ្វុងហាជីប៊ីស (Hagibis) កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បីស្វែងយល់អំពីទុក្ខលំបាករបស់ប្រជាជននៅតំបន់នោះ។ ព្យុះទីហ្វុង Hagibis ជាព្យុះអាក្រក់បំផុតមួយ ដែលបានវាយប្រហារមកលើជប៉ុន កាលពីឆ្នាំ២០១៩ ដោយវាបានផ្តាច់ជីវិតមនុស្សជាង ៨០នាក់ និងបង្កការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនអនេក ដែលគិតជាទឹកប្រាក់រាប់រយលានដុល្លារ៕