(វ៉ាស៊ីនតោន)៖ សារអ៊ីម៉ែលផ្ទៃក្នុងមួយរបស់ក្រុមប្រឹក្សារៀបចំការណ៍សម្ងាត់ NIC នៃសហរដ្ឋអាមេរិក ដែលការចុះកាលបរិច្ឆេទតាំងពីឆ្នាំ២០០៤ ត្រូវគេរកឃើញថា មានផ្ទុកការលើកឡើងអំពីការព្យាករណ៍មួយចំនួន នូវអ្វីដែលនឹងកើតឡើងនាពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
ខណៈការព្យាករណ៍ខ្លះក្នុងសារអ៊ីម៉ែលខាងលើ ផ្ទុយពីអ្វីដែលកើតឡើងនៅសព្វថ្ងៃក៏ដោយ ការព្យាករណ៍មួយចំនួនផ្សេងទៀត គឺត្រឹមត្រូវអាចយកជាការបានដែលរួមមានដូចជា៖
* ភាពរង្គោះរង្គើរនៃសម្ព័ន្ធមិត្តរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក៖
ការព្យាករណ៍នោះបានលើកឡើងអំពីការធ្លាក់ចុះដុនដាប នៃទំនាក់ទំនងរបស់អាមេរិកជាមួយអឺរ៉ុប ខណៈប្រទេសអឺរ៉ុបនឹងចង់ពឹងផ្អែកទៅលើ សហភាពអឺរ៉ុប (EU) ជាជាងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO)។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធមិត្តធំៗរបស់អាមេរិក បានចាប់ផ្តើមឃ្លាតឆ្ងាយពីទីក្រុងវ៉ាស៊ីនតោន ដោយសារតែការខ្វែងគំនិតគ្នាជុំវិញបញ្ហាជាច្រើន ជាពិសេសសង្គ្រាមដំឡើងពន្ធ និងនយោបាយគាំពារនិយមរបស់អាមេរិក។
* ការចុះអន់ថយនៃអំណាចរបស់អង្គការអន្តរជាតិលំដាប់កំពូលដូចជា អង្គការសហប្រជាជាតិ (UN) ជាដើម៖
ក្រុមអ្នករៀបចំសារអ៊ីម៉ែលនោះបានទស្សន៍ទាយថា អង្គការសហប្រជាជាតិនឹងថយចុះឥទ្ធិពលរបស់ខ្លួន នៅចំពោះការមុខការប្រកាន់យក គំនិតខ្លួនឯងជាធំ និងការដើរតួនាទីប៉ូលិសពិភពលោករបស់សហរដ្ឋអាមេរិក។
* ការប្រកួតប្រជែងគ្នារវាងអាមេរិក និងចិន៖
យោងតាមសារអ៊ីម៉ែលខាងលើ ការកើនឡើងនៃផ្នត់គំនិតជាតិនិយមក្នុងប្រទេសចិន និងភាពភ័យព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក ដែលថា ចិននឹងក្លាយជាគូប្រជែងយុទ្ធសាស្រ្តដ៏ធំរបស់ខ្លួន នឹងជំរុញឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន។
* អាមេរិកត្រូវបាត់បង់ឥទ្ធិពលរបស់ខ្លួនក្នុងពិភពលោក៖
ដោយសារតែការក្រោកឈរឡើង នៃមហាអំណាចផ្សេងៗទៀត ក្នុងសារអ៊ីម៉ែលនោះបានព្យាករណ៍ថា ឥទ្ធិពលជាសកលរបស់ទីក្រុងវ៉ាស៊ីនតោននឹងត្រូវបាត់បង់ ដោយសារតែការកើនឡើងនៃឥទ្ធិពល របស់មហាអំណាចដទៃទៀតដូចជាចិន និងរុស្ស៊ី។
* បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង៖
បើតាមការព្យាករណ៍នាពេលនោះ ពាក់ព័ន្ធទីក្រុងព្យុងយ៉ាង វិបត្តិនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងឈានដល់ដំណាក់កាលគួរឲ្យបារម្ភខ្លាំងក្នុងអំឡុងពេល ១៥ឆ្នាំខាងមុខ ហើយទីក្រុងព្យុងយ៉ាងនឹងអភិវឌ្ឍបាន មីស៊ីលផ្លោងប្រភេទឆ្លងទ្វីបមុនឆ្នាំ២០២០។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់មានប្រតិកម្មណាមួយ ពាក់ព័ន្ធនឹងការបែកធ្លាយ ឯកសារសម្ងាត់នោះឡើយ ប៉ុន្តែការព្យាករណ៍ដូចខាងលើនេះ ក៏បានបង្ហាញអំពីទស្សនវិស័យ ដ៏វែងឆ្ងាយមួយរបស់អាមេរិក ដែលមិនអាចមើលរំលងនោះឡើយ សម្រាប់ពិភពលោកទាំងមូល៕