(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលីបានឲ្យដឹងថា ក្នុងសប្តាហ៍នេះមហន្តរាយភ្លើងឆេះព្រៃ នៅភាគខាងកើតប្រទេស បានធ្វើបណ្តាលឲ្យមនុស្សចំនួន ០៨នាក់បាត់បង់ជីវិត ខណៈមួយចំនួនទៀតកំពុងបន្តបាត់ខ្លួន, រាប់រយនាក់ត្រូវបាត់បង់ផ្ទះសម្បែង និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លូន។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះមាន ០៧នាក់នៅរដ្ឋញូសោតវែលស៍ (NSW) និងម្នាក់នៅរដ្ឋវិចតូរៀ (Victoria)។ ជាមួយគ្នានេះ អាជ្ញាធរអូស្រ្តាលីជឿជាក់ថា មានមនុស្សម្នាក់បាត់ខ្លួននៅរដ្ឋ NSW និងមួយចំនួនទៀតដែលមិនដឹងតួលេខច្បាស់ នៅបន្តបាត់ខ្លួនក្នុងរដ្ឋ Victoria។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តម្នាក់អាយុ ២៨ឆ្នាំបានស្លាប់ពេលកំពុងបំពេញប្រតិបត្តិការ រីឯឪពុក-កូនពីរនាក់ដែលមានអាយុ ៦៣ឆ្នាំ និង ២៩ឆ្នាំបានបាត់បង់ជីវិត ដោយសារការព្យាយាមការពារផ្ទះរបស់ពួកគេក្នុងរដ្ឋ NSW។
ចំណែកនៅថ្ងៃអង្គារ សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានគេរកឃើញនៅក្បែរផ្ទះមួយខ្នងភាគខាងជើងរដ្ឋ NSW។ មកដល់ថ្ងៃពុធសាកសពមនុស្សពីរនាក់ត្រូវបានគេរកឃើញ នៅក្នុងយានជំនិះពីរគ្រឿងផ្សេងគ្នា ដែលត្រូវភ្លើងឆេះ និងសពបុរសម្នាក់ទៀតត្រូវបានរកឃើញ នៅក្បែរលំនៅឋានមួយក្នុងរដ្ឋ NSW ដដែល។ នៅរដ្ឋ Victoria វិញ អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ពួកគេរកឃើញសាកសពបុរសម្នាក់ នៅតំបន់ អ៊ីសត័ ហ្គីពស៍ឡេន (East Gippsland) ជាទីដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន។ បើតាមទីភ្នាក់ងារពន្លត់អគ្គីភ័យរដ្ឋ NSW ផ្ទះសម្បែងសរុប ៣៨២ខ្នងត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះ។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះភ្លើងឆេះព្រៃប្រមាណ ១១០កន្លែង កំពុងបន្តកើតឡើងនៅក្នុងរដ្ឋ NSW និង ៣៨កន្លែងនៅរដ្ឋ Victoria ហើយគ្មានសញ្ញាបញ្ជាក់ថា វានឹងអាចធូរស្រាល ឬរលត់នៅពេលណានោះឡើយ៕