(បរទេស)៖ ករណីធ្វើឃាតអ្នកកាសែត នៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩ មានចំនួនសរុប ៤៩នាក់ ដែលជាតួលេខទាបបំផុតមួយក្នុងអំឡុងពេល ១៦ឆ្នាំមកនេះ ខណៈម៉ិចស៊ីកូឈរនៅលេខរៀងទី ១ ជាប្រទេសដែលមានអ្នកកាសែត ស្លាប់ច្រើនជាងគេបំផុត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN ដកស្រង់ពីរបាយការណ៍របស់ ក្រុមអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (Reporters Without Borders ឬ RWB)។
របាយការណ៍ពីអង្គការអន្តរជាតិ RWB ក៏បានបញ្ជាក់ផងដែរថា ទោះបីជាស្ថានការណ៍នៅតំបន់មួយចំនួន ហាក់មានសភាពស្ងប់ស្ងាត់បន្តិចបន្តួចមែន តែជម្លោះនៅយ៉េមែន ស៊ីរី និងអាហ្វហ្គានីស្ថាន នៅតែជាភាពគ្រោះថ្នាក់សម្រាប់ ក្រុមអ្នកយកព័ត៌មានក្នុងតំបន់ និងអន្តរជាតិ ហើយចំនួនអ្នកកាសែតដែលបានស្លាប់ និងរបួសច្រើនបំផុតជាប្រចាំឆ្នាំ ក៏ស្ថិតនៅក្នុងបណ្តាប្រទេសទាំងអស់នេះដែរ។
ខាងក្រោមនេះជាតួលេខអ្នកសារព័ត៌មាន ដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសនីមួយៗ៖
* ម៉ិចស៊ីកូ៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ១០នាក់
* ស៊ីរី៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០៩នាក់
* ប៉ាគីស្ថាន៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០៥នាក់
* អាហ្វហ្គានីស្ថាន៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០៤នាក់
* ហ្វីលីពីន៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០៣នាក់
* សូម៉ាលី៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០៣នាក់
* អ៊ីរ៉ាក់៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០២នាក់
* ហុងដូរ៉ាស់៖ អ្នកសារព័ត៌មានបាត់បង់ជីវិត ០២នាក់
* នីហ្សេរីយ៉ា, កុងហ្គោ, យ៉េមែន, ឆាដ, ហៃទី, អ៊ុយក្រែន, អង់គ្លេស និងលីប៊ី៖ អ្នកសារព័ត៌មានបាត់បង់ជីវិតម្នាក់ៗដូចគ្នា។
បើតាមរបាយការណ៍ខាងលើនេះ ការថយចុះនៃចំនួនអ្នកកាសែតដែលបានបាត់បង់ជីវិត នៅក្នុងឆ្នាំ២០១៩ គឺដោយសារតែការថយចុះនៃចំនួនអ្នកសារព័ត៌មាន ដែលបានបាត់បង់ជីវិត នៅក្នុងតំបន់ ធ្លាប់កើតមានសង្គ្រាមយ៉ាងក្តៅគគុក។ បើគិតក្នុងកំឡុងពេល ១០ឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានសរុប ៩៤១នាក់បានបាត់បង់ជីវិត នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ជាមធ្យមអ្នកកាសែត ៨០នាក់បានបាត់បង់ជីវិតក្នុងមួយឆ្នាំ ដោយសារតែសង្គ្រាម និងការហែកហួរគ្នានៅទូទាំងពិភពលោក បើគិតក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងឆ្នាំ២០១៩ នេះតែម្តងគឺអ្នកកាសែតសរុប ១៤នាក់បានបាត់បង់ជីវិតនៅតំបន់អាមេរិកឡាទីន ដែលចំនួននេះគឺអាក្រក់ដូចទៅហ្នឹងតំបន់មជ្ឈិមបូព៌ាទៅហើយ៕