(បាកដាដ)៖ ក្រុមបាតុករដែលនាំគ្នាធ្វើបាតុកម្មតវ៉ា នៅខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានយល់ព្រមដកថយចេញ ពីបរិវេណស្ថានទូតហើយ បន្ទាប់ប៉ះទង្គិចគ្នាដោយហិង្សាជាមួយយោធាអាមេរិក អស់រយៈពេល២ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
កាលពីថ្ងៃអង្គារកន្លងទៅ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ បានរងការវាយប្រហារដោយក្រុមបាតុករអ៊ីរ៉ាក់ ដែលខឹងសម្បារនឹង ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកងជីវពលមួយក្រុមគាំទ្រដោយអ៊ីរ៉ង់។ ការប៉ះទង្គិចគ្នាបានបន្តរហូតមកដល់ ថ្ងៃពុធម្សិលមិញ ដោយលើកនេះក្រុមបាតុករបាននាំគ្នាយកដុំថ្មគប់លើស្ថានទូត ដែលជាហេតុបង្ខំឱ្យយោធាមេរិកប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ជាការឆ្លើយតប។ តែយ៉ាងណាកក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសថាក្រុមបាតុករទាំងអស់បានយល់ព្រមដកថយចេញពីស្ថានទូតអាមេរិក ហើយ ក្រោយមានការអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់។
គួរជម្រាបថា បាតុកម្មតវ៉ាប្រឆាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បានផ្ទុះឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដឹកនាំការវាយប្រហារតាមផ្លូវ អាកាស កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លើតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតប្រទេសស៊ីរី ដោយផ្ដាច់ជីវិតសមាជិកកងជីវពល Kataib Hezbollah គាំទ្រដោយអ៊ីរ៉ង់ យ៉ាងហោចណាស់២៥នាក់។ ការវាយប្រហារតាមផ្លូវកាសនេះត្រូវបានយោធាអាមេរិក អះអាងថាជាការ សងសឹកទៅនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងទីក្រុង Kirkuk ដែលបានផ្ដាច់ជីវិតមន្ត្រីស៊ីវិលអាមេរិកម្នាក់។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់អ៊ីរ៉ង់ដែរថាជាអ្នកនៅពីក្រោយការវាយប្រហារលើស្ថានទូតអាមេរិក ជាមួយការសន្យាថានឹងឱ្យទីក្រុងតេហេរ៉ង់ ទទួលខុសត្រូវទាំងស្រុងចំពោះទង្វើមួយនេះ ខណៈប្រមុខការពារជាតិអាមេរិកប្រកាសបញ្ជូនកងទ័ព បន្ថែម៧៥០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា៕