Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរសមុទ្រវាយប្រហារនាវាដឹកប្រេងក្រិក និងចាប់ជម្រិតមនុស្ស៨នាក់យកទៅបាត់!

31-12-2019 16:59

(អាតែន)៖ កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ប្រទេសក្រិច បានរងការវាយប្រហារពីក្រុមចោរសមុទ្រនៅក្បែរប្រទេសកាមេរូន ភាគខាងលិចនៃទ្វីបអាហ្រ្វិក ហើយនាវិកចំនួន ០៨នាក់នៅលើកប៉ាល់នោះ ត្រូវបានក្រុមចោរចាប់ជំរិតយកទៅ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើង លើកប៉ាល់ដឹកប្រេងក្រិចឈ្មោះ Happy Lady នៅចម្ងាយប្រមាណជា ០៣គីឡូម៉ែត្រពីទីក្រុងលីមបូហ៍ (Limboh) នៃប្រទេសកាមេរូននាថ្ងៃអង្គារនេះ។ កប៉ាល់នោះមានផ្ទុកនាវិកសរុប ២៨នាក់ ហើយក្នុងហេតុការណ៍វាយប្រហារពីសំណាក់ក្រុមចោរសមុទ្រ នាវិកម្នាក់បានរងរបួស និង ០៨នាក់ត្រូវបានចាប់ជម្រិត ដែលក្នុងនោះរួមមាន ០៥នាក់ជាជនជាតិក្រិក ពីរនាក់ជាជនជាតិហ្វីលីពីន និងម្នាក់ជាជនជាតិអ៊ុយក្រែន។

គួរជម្រាបថា ពុំមានការបញ្ជាក់ឲ្យច្បាស់ថា តើក្រុមចោរសមុទ្របានទាមទារប្រាក់ពីក្រុមហ៊ុនជាម្ចាស់កប៉ាល់ Happy Lady សម្រាប់ការដោះលែងក្រុមនាវិក ដែលពួកគេចាប់ជម្រិតយកទៅនោះទេ ប៉ុន្តែសកម្មភាពវាយប្រហារលើកប៉ាល់ដឹកជញ្ជូន នៅក្នុងដែនសមុទ្រភាគខាងលិច តំបន់អាហ្រ្វិកបែបនេះ ភាគច្រើនធ្វើឡើងក្រោមគោលដៅចាប់ជម្រិតនាវិក ដើម្បីទាមទារប្រាក់នេះឯង៕