(តៃប៉ិ)៖ សភាតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានអនុម័តច្បាប់ថ្មីមួយទៀតហើយ ស្ថិតក្នុងគោលដៅទប់ស្កាត់នូវការគំរាមកំហែងនានាពីប្រទេសចិន ជាពិសេសការលូកលាន់ចូល រឿងនយោបាយរបស់ដែនដីកោះមួយនេះ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ អាណត្តិថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលបានអូសបន្លាយអស់មួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអ្វីដែលកោះតៃវ៉ាន់មើលឃើញថា ជាការព្យាយាមរបស់ទីក្រុងប៉េកាំង ដើម្បីជះឥទ្ធិពលផ្នែកនយោបាយ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់មានដូចជា ការផ្តល់ជំនួយទៅកាន់អ្នកនយោបាយនានា និងវិធីសាស្ត្រមួយចំនួនទៀត ដែលគេអាចយល់បានអំពីចេតនាពិត។
គួរបញ្ជាក់ថា ការអនុម័តច្បាប់របស់កោះតៃវ៉ាន់នេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា នឹងកាន់តែដុតរោលលើទំនាក់ទំនង ដែលកំពុងតែតានតឹងស្រាប់ទៅហើយរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ព្រោះចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ជាប់ឆ្នោត ក្លាយជាប្រធានាធិបតីកោះនេះកាលពីឆ្នាំ២០១៦ ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់បានប្រែក្លាយ ជាតានតឹងឡើងៗ ខណៈកោះតៃវ៉ាន់បានអនុម័តថវិកា ដើម្បីទិញសព្វាវុធបន្ថែមពីសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំងវិញបានចោទលោកស្រី ត្សៃ ថាកំពុងព្យាយាមបង្ហាញចេតនាចង់ប្រកាសឯករាជ្យពីចិន ដែលនឹងនាំឲ្យសង្គ្រាមផ្ទុះឡើង៕