(អ៊ីស្តង់ប៊ុល)៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានព្រមព្រៀងគ្នាជុំវិញការ ផ្តល់សំណងសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការបញ្ឈរជើងប្រតិបត្តិការរបស់យន្តហោះ Boeing 737 MAX ជាច្រើនខែកន្លងមក ក្រោយហេតុការណ៍ធ្លាក់យន្តហោះស៊េរីនេះពីរគ្រឿងនៅឥណ្ឌូណេស៊ី និងនៅអេត្យូពីរ ដែលផ្តាច់ជិវិតអ្នកដំណើររាប់រយនាក់។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ខណៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ផ្ទាល់ មិនបានបញ្ជាក់ពីទំហំនៃកិច្ចព្រមព្រៀងខាងលើក៏ដោយ សារព័ត៌មានតួកគី Hurriyet បានរាយការណ៍ថា ទំហំសំណងទំនងជាមានទំហំ២២៥លានដុល្លារ។ អាកាសចរណ៍ Turkish Airlines មានយន្តហោះ Boeing 737 MAX សរុប២៤គ្រឿង ប៉ុន្តែចាប់តាំងពីមានករណីធ្លាក់យន្តហោះ Boeing ស៊េរីថ្មីនេះ នៅឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពី កាលពីខែមីនា ឆ្នាំ២០១៩ ហើយមនុស្ស៣៤៦នាក់បានបាត់បង់ជីវិត យន្តហោះ 737 MAX នៅជុំវិញពិភពលោក ត្រូវបានផ្អាកប្រតិបត្តិការ រហូតមកទល់សព្វថ្ងៃ ហើយនឹងបន្តរហូតដល់ឆ្នាំ២០២០ ដោយមិនច្បាស់ថា ពេលណានឹងមានឱកាសហោះហើរវិញឡើយ។
គួរជម្រាបថា កាលពីសប្តាហ៍នេះ ក្រុមហ៊ុន Boeing ទើបតែបានដកតំណែងនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Dennis Muilenburg ក្រោយ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនហាក់បានធ្លាក់ចុះដុបដាប ដោយសារតែករណីធ្លាក់យន្តហោះ 737 MAX។ Boeing ក៏បានប្រកាសអំពីការសម្រេច ផ្អាកការផលិតយន្តហោះ 737 MAX ផងដែរ៕