(ឆែក)៖ ប្រព័ន្ធផ្សព្វផ្សាយនៅសាធារណរដ្ឋឆែក នាថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍ថាក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសឆែក នឹងលែងផ្តល់អាហារូបករណ៍ដល់និស្សិត ដែលមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍទៀតហើយ ដោយចាប់ផ្តើមពីឆ្នាំ២០២០តទៅ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ តាមរយៈកម្មវិធីផ្តល់ជំនួយអភិវឌ្ឍន៍ដល់បរទេស ក្រសួងអប់រំនៃសាធារណរដ្ឋឆែក បានជួយ និស្សិតបរទេសចំនួន១៣០នាក់ ដែលសិក្សានៅតាមសាកលវិទ្យាល័យឆែកក្នុងមួយឆ្នាំៗ។ អាហារូបករណ៍ដែលរដ្ឋាភិបាលឆែកផ្តល់ឲ្យនោះ រ៉ាប់រងទាំងថ្លៃស្នាក់នៅ រួមជាមួយប្រាក់ខែប្រមាណជាង៦០០ដុល្លារក្នុងមួយខែៗ។
គួរជម្រាបថា និស្សិតដែលកន្លងទៅ បានចាប់ផ្តើមការសិក្សានៅក្នុងសាធារណរដ្ឋឆែករួចជាស្រេចហើយនោះ នឹងអាចបន្តការសិក្សារហូត ដល់ចប់បាន តែពុំមានការផ្តល់អាហារូបករណ៍ឲ្យនិស្សិតថ្មីៗឡើយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសឆែកបានទទួលបរាជ័យ ក្នុងការរៃអង្គាសមូលនិធិឲ្យបានគ្រប់គ្រាន់ ដើម្បីបន្តកម្មវិធីជំនួយអាហារូបករណ៍ខាងលើទៅមុខទៀត។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសសម្រាប់និស្សិត នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងដើម្បីជាការគាំទ្រដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ៕