(អាមេរិក)៖ កែវយឺតអវកាសជំនាន់ថ្មីរបស់ ទីភ្នាក់ងារអវកាសអាមេរិកគឺ James Webb Space Telescope (JWST) នឹងត្រូវបាញ់បញ្ជូនចេញពីផែនដីនៅខែមីនា ឆ្នាំ២០២១ ក្រោយការពន្យារពេលជាច្រើនលើកអស់រាប់ឆ្នាំ ហើយការចំណាយបានកើនឡើងខ្លាំង លើសពីកញ្ចប់ថវិកាដែលបានគ្រោងទុក។ ខណៈប្រការនេះទំនងជាអាចនិយាយបានថា ពេលវេលានិងលុយកាក់ ដែលត្រូវបានចំណាយទៅលើវា គឺជារឿងឥតប្រយោជន៍ អ្នកវិទ្យាសាស្រ្តនៅតែជឿជាក់ថា James Webb នឹងក្លាយជាកែវយឺតអវកាស ដែលមានសមត្ថភាពអស្ចារ្យបំផុត នៅពេលបាញ់បង្ហោះឡើងទៅដល់ក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ប្រសិនបើយើងចង់សិក្សាស្វែងយល់បន្ថែម អំពីរឿងរ៉ាវគ្រប់យ៉ាងក្នុងទីអវកាស រួមមានតាំងពីការកកើតនៃកាឡាក់ស៊ីដំបូងៗ រហូតដល់ឱកាសនៃការរុករកជីវិត នៅលើភពដទៃទៀត កែវយឺតអវកាសដែលមានតម្លៃជិត ១០ពាន់លានដុល្លារនេះ គឺជាក្តីសង្ឃឹមតែមួយគត់នាពេលនេះ របស់មនុស្សលោកយើង។ ខណៈកន្លងមកវាត្រូវគេចាត់ទុកថា ជាអ្នកបន្តតំណែងពីកែវយឺតអវកាស Hubble របស់ NASA ក៏ដោយ ជាក់ស្តែង James Webb គឺជាកែវយឺតអវកាសប្រភេទ Infrared ដែលមានសមត្ថភាពខ្ពស់ឆ្ងាយជាង Hubble ដែលត្រឹមជាប្រភេទកែវយឺតអុបទិច ។
គួរជម្រាបថា កែវយឺតអវកាស James Webb នឹងធ្វើប្រតិបត្តិការរបស់វានៅចម្ងាយប្រមាណ ១.៥លានគីឡូម៉ែត្រពីផែនដី ដើម្បីកុំឲ្យភពយើងជះឥទ្ធិពលរំខានដល់វា។ ក្រៅពីនេះ James Webb ក៏មានខែលការពារកម្តៅព្រះអាទិត្យដ៏ធំមួយផងដែរ ដែលជួយបាំងពន្លឺមកពីព្រះអាទិត្យ ដើម្បីអាចឲ្យវាសិក្សាពីរលកសញ្ញាប្រភេទ Infrared ដោយគ្មានការរំខាន ហើយនៅលើកែវយឺតអវកាសនោះ ក៏មានបំពាក់ប្រព័ន្ធបញ្ចុះសីតុណ្ហភាពថែមទៀតផង។
សម្រាប់គោលដៅស្រាវជ្រាវសំខាន់ៗរបស់ James Webb នឹងរួមមានការឆ្លុះមើលទៅកាន់ពីសម័យកាលកកើតដំបូងៗនៃចក្រវាឡ ខណៈបច្ចុប្បន្នវាត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា មានអាយុកាលប្រមាណ ១៣ពាន់លានឆ្នាំទៅហើយ។ ជាមួយគ្នានេះកែវយឺត James Webb នឹងសិក្សាវត្ថុជាច្រើនផ្សេងទៀត ដូចជាអំពីក្រុមផ្កាយដែលទើបចាប់កំណើត សំណុំឧស្ម័នអវកាស ផ្កាយដុះកន្ទុយ និងតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) ហើយនិងភពអេលៀន ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យយើងជាដើម៕