(តូក្យូ)៖ ផ្កាយរណបជប៉ុនឈ្មោះ ស៊ូបាម (Tsubame) ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីកំណត់ត្រាពិភពលោក Guiness World Records បន្ទាប់ពីពេលកន្លងទៅនេះ វាសម្រេចបាននូវរយៈកម្ពស់ធ្វើប្រតិបត្តិការ ដែលទាបជាងគេបំផុតមិនធ្លាប់មាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន KyodoNews នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ឯតទគ្គកម្មខាងលើត្រូវបានបង្កើតឡើង នៅពេលដែលផ្កាយរណប Tsubame ធ្វើប្រតិបត្តិការនៅរយៈកម្ពស់ត្រឹម ១៦៧.៤គីឡូម៉ែត្រពីផ្ទៃភពផែនដី កាលពីចន្លោះថ្ងៃទី២៣-៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះក្នុងបេសកម្មសាកល្បងមួយ ដែលមានរយៈពេលចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ រីឯជាទូទៅវិញផ្កាយរណបអង្កេតផែនដីភាគច្រើន ធ្វើប្រតិបត្តិការនៅតំបន់ ដែលមានរយៈកម្ពស់ចន្លោះ ៦០០-៨០០គីឡូម៉ែត្រ។
គួរជម្រាបថា បើតាមទីភ្នាក់ងារអវកាសជប៉ុន JAXA ផ្កាយរណប Tsubame អាចរក្សារយៈកម្ពស់របស់វា បានទាបបែបនេះសម្រាប់រយៈពេល ០៧ថ្ងៃ គឺតាមរយៈការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន អាយអន (Ion) ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ទល់ជាមួយកម្លាំងទំនាញពីស្រទាប់បរិយាកាស។ ផ្កាយរណបជប៉ុន Tsubame ត្រូវបានបញ្ជូនឡើងទៅដល់គន្លងអវកាស នៅរយៈកម្ពស់ ២៧១.៥គីឡូម៉ែត្រ កាលពីខែតុលា ឆ្នាំ២០១៨ ហើយ វាក៏បានចាប់ផ្តើមបន្ទាបខ្លួនបន្តិចម្តងៗ រហូតដល់រយៈកម្ពស់ខាងលើ មុនពេលបញ្ចប់បេសកកម្មសាកល្បងរបស់វា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ តាមរយៈការទម្លាក់ខ្លួនឲ្យរលាយឆេះ ក្នុងបរិយាកាសនៃភពរបស់យើង៕