Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងឆេះព្រៃឡោមព័ទ្ធឆ្នេរសមុទ្រដ៏ល្បីមួយនៅអូស្ត្រាលី, មនុស្សជាង៤ពាន់នាក់ជាប់ខ្លួននៅណាមិនរួច (Photo inside)

31-12-2019 11:05

(ស៊ីដនី)៖ ក្រុមអ្នកទេសចរ និងប្រជាជនក្នុងតំបន់សរុបរាប់ពាន់នាក់ បាននិងកំពុងជាប់គាំងចេញទៅណាក៏មិនរួច នៅលើឆ្នេរមួយកន្លែងស្ថិតនៅក្នុងទីក្រុង ម៉ាឡាខូអូតា (Mallacoota) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្ត្រាលី ខណៈភ្លើងឆេះព្រៃកំពុងឡោមព័ទ្ធឆ្នេរទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

បើតាមអាជ្ញាធរអូស្ត្រាលីមនុស្ស ៤,០០០នាក់ បាននិងកំពុងជាប់គាំងនៅលើឆ្នេរនៃទីក្រុង Mallacoota នៅថ្ងៃអង្គារនេះ ហើយផ្សែងដែលបង្កឡើងដោយភ្លើងឆេះព្រៃ បានប្រែក្លាយពេលថ្ងៃឱ្យទៅជាពេលយប់។ រីឯអាជ្ញាធរក៏បានព្រមានដែរពីហានិភ័យ នៃរលកកម្ដៅភ្លើងឆេះព្រៃ ស្របពេលតំបន់ទេសចរណ៍លំហែកាយជាច្រើន នៅតាមបណ្ដោយឆ្នេរចន្លោះទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីភ្លើងឆេះព្រៃ។
បន្ថែមពីលើនេះ តំបន់ដែលកំពុងស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នខ្ពស់ នៃភ្លើងឆេះគឺលាតសន្ធឹង ៥០០គីឡូម៉ែត្រ រាប់ចាប់ពីទីក្រុងបាតេម៉ានបេយ (Batemans Bay) នៃរដ្ឋ ញូសោតវែលស៍ (New South Wales - NSW) រហូតដល់ទីក្រុង ប៊ែនស៍ដាល (Bairnsdale) ក្នុងរដ្ឋ Victoria។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ដែលបានឆាបឆេះដំបូងតាំងតែពីខែកញ្ញាមក បានផ្ដាច់ជីវិតមនុស្ស ១០នាក់ ក្នុងនោះរួមទាំងជនស៊ីវិល និងភ្នាក់ងារពន្លត់អគ្គិភ័យស្ម័គ្រចិត្ត 0៣នាក់ ព្រមទាំងបានបំផ្លាញផ្ទះច្រើនជាង ១,០០០ខ្នង និងផ្ទៃដីជាង ៣លានហិកតាផងដែរ។ បច្ចុប្បន្ននេះ អាជ្ញាធរអូស្ត្រាលីនៅតែគ្មានសង្ឃឹមថា អាចពន្លត់ភ្លើងព្រៃនេះបានទាំងស្រុងនោះឡើយ៕