Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រន្ធត់! កម្មករនេប៉ាល់បាត់បង់ជីវិតភ្លាមៗនៅម៉ាឡេស៊ី ក្រោយធ្លាក់ចូលក្នុងម៉ាស៊ីនកិនសាច់!

30-12-2019 16:36

(គូឡាឡាំពួរ)៖ ពលករជាជនជាតិនេប៉ាល់ម្នាក់ បានស្លាប់យ៉ាងអាណោចធមនៅថ្ងៃចន្ទនេះ បន្ទាប់ពីរូបគេបានធ្លាក់ចូលក្នុងកិនសាច់ នៅឯរោងចក្រមួយកន្លែងស្ថិតនៅក្នុងរដ្ឋ មេឡេកា (Melaka) ប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

មន្ត្រីមកពីនាយកដ្ឋានពន្លតអគ្គីភ័យនៃរដ្ឋ Melaka លោក ហ្ស៊ូលខៃរ៉ាមី រ៉ាមលី (Zulkhairani Ramli) បានឱ្យដឹងទៀតថា បុរសជាពលករនេប៉ាល់ខាងលើមានអាយុ ៤២ឆ្នាំ ហើយគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង នៅរូបគេកំពុងធ្វើការនៅក្នុងរោងចក្រផលិត សាច់មួយនៅក្បែរ ម៉ាសជីដ តាណាហ៍ (Masjid Tanah)។ លោក Ramli បានបញ្ជាក់បន្ថែមដូច្នេះថា «ជនរងគ្រោះកំពុងជួសជុលម៉ាស៊ីនកិនសាច់ ជាមួយនឹងកម្មករបីនាក់ផ្សេងទៀត... ប៉ុន្តែភ្លាមៗនោះម៉ាស៊ីនស្រាប់តែដំណើរការដោយខ្លួនឯង ដោយបានធ្វើឱ្យកម្មកររូបនោះធ្លាក់ចូល ហើយត្រូវម៉ាស៊ីនកិនស្លាប់តែម្ដង»។

គួរបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានចំណាយពេលជាង ៣០នាទី ដើម្បីទាញសាកសពបុរសរូបនេះចេញពីម៉ាស៊ីនកិនសាច់ ព្រមទាំងបើកការស៊ើបអង្កេតលើករណីនេះ ខណៈស្ថានទូតនេប៉ាល់ ប្រចាំប្រទេសម៉ាឡេស៊ី មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕