(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងថា តួលេខផ្លូវការនៃចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុងផាន់ហ្វុន (Phanfone) បានកើនឡើងដល់ ៤៧នាក់ហើយ ដោយតួលេខនេះអាចនឹងបន្តកើនថែមទៀត ព្រោះមនុស្សយ៉ាងតិច ០៩នាក់នៅកំពុងបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់ប្រទេសហ្វីលីពីន ព្យុះទីហ្វុង Phanfone បានផ្តាច់ជីវិតមនុស្សនៅតំបន់ចំនួន ០៤នាក់នៅភាគកណ្តាលប្រទេស និងនៅតំបន់ចុងភាគឦសាននៃកោះមីដាណាវ (Mindanao) ភាគខាងត្បូងហ្វីលីពីន។ ក្រៅពីមនុស្សស្លាប់ ក៏នៅមានអ្នករងរបួសប្រមាណ ១៤០នាក់ផងដែរ។ ប៉ូលិស និងអាជ្ញាធរ មូលដ្ឋានប្រចាំតំបន់នីមួយៗបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនបានបាត់បង់ជីវិត ដោយសារលង់ទឹកត្រូវដើមឈើបាក់សង្កត់ និងឆក់ចរន្តអគ្គិសនី។
ព្យុះទីហ្វុង Phanfone បានបោកបក់មកដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅខេត្តសាម៉ា (Samar) ខាងកើតហើយវាបានបន្សល់ ទុកស្លាកស្នាមនៃការបំផ្លិចបំផ្លាញហិនហោចជាច្រើន នៅពេលព្យុះទីហ្វុងនេះ បានធ្វើដំណើរឆ្លងកាត់ភាគកណ្តាលហ្វីលីពីន និងផ្នែកមួយចំនួននៃកោះ Mindanao។ អាជ្ញាធរហ្វីលីពីនបានលើកឡើងថា ទំហំនៃការខូចខាតដោយសារព្យុះទីហ្វុងគឺអាចជិត ២០លានដុល្លារ។
ទីតាំងភូមិសាស្រ្តរបស់ហ្វីលីពីន គឺជាមូលហេតុដែលធ្វើឲ្យប្រទេសប្រជុំកោះនេះ ងាយនឹងទទួលរងគ្រោះធម្មជាតិជាច្រើនជារៀងរាល់ឆ្នាំ ជាពិសេសគឺរញ្ជួយដី និងព្យុះទីហ្វុងតែម្តង។ កាលពីឆ្នាំ២០១៣ ធនាគារពិភពលោកបានវាយតម្លៃថា ព្យុះទីហ្វុងកំណាចមួយឈ្មោះ ហៃយ៉ាន (Haiyan) បានផ្តាច់ជីវិតមនុស្សប្រហែល ៦,៣០០នាក់ និងបង្កការបំផ្លិចបំផ្លាញទំហំ ១២.៩ពាន់លានដុល្លារនៅហ្វីលីពីន៕