(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង គឺជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅក្នុងស.វទី២១នេះ ហើយលោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើងដែលបានបញ្ជា និងដឹកនាំការបាញ់សាកល្បងមីស៊ីល ព្រមទាំងអាវុធនុយក្លេអ៊ែរ ច្រើនជាងគេបំផុត បើធៀបនឹង សម័យកាលជីតា និងឪពុករបស់លោកបូកបញ្ចូលគ្នាទៅទៀត។
ក្រោមការគ្រប់គ្រងកូរ៉េខាងជើង ក្នុងនាមជាអ្នកជំនាន់ទី៣ នៃគ្រួសារត្រកូលគីម លោក គីម ជុងអ៊ុន បានដឹកនាំការបាញ់សាកល្បងអាវុធជាច្រើន ក្នុងនោះរួមមានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ, មីស៊ីលបាលិស្ទីគអន្តរជាតិ ICBM ជាលើកដំបូងបំផុត។ មិនតែប៉ុណ្ណោះ លោកក៏ជាមេដឹកនាំតែម្នាក់គត់ នៅលើពិភពលោកផងដែរ ដែលហ៊ានដឹកនាំប្រទេសគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងគំរាមបាញ់កម្ទេចមូលដ្ឋានទ័ពអាមេរិក នៅលើកោះហ្គាំ (Guam)។
គួរជម្រាបថា ចាប់តាំងពីបានឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដមីស៊ីលច្រើនជាង១០០គ្រាប់ (បូករួមទាំងមីស៊ីលអន្តរទ្វីប ICBM) និងអាវុធនុយក្លេអ៊ែរចំនួនបួនលើក ដែលនេះគឺជាការធ្វើការច្រើនបំផុត បើធៀបទៅនឹងការបាញ់សាកល្បងអាវុធនៅក្រោមរបបដឹកនាំនៃជីតា គឺលោក គីម អ៊ីលស៊ុង និងឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ក្នុងកំឡុងពេល២៧ឆ្នាំមកនេះ៕
ប្រភព៖ ដកស្រង់ការផ្សាយពីទូរទស្សន៍អាមេរិក CNBC នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩