(បរទេស)៖ រយៈពេលពេញមួយឆ្នាំ២០១៩ គ្រោះធម្មជាតិ និងសោកនាដកម្មជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ដែលនាំឲ្យជីវិតមនុស្ស និងទ្រព្យសម្បត្តិនានាត្រូវបាត់បង់គួរឲ្យសង្វេគជាទីបំផុត។ ខាងក្រោមគឺជាកាលបរិច្ឆេទនៃព្រឹត្តិការណ៍ទាំងនោះ។
* ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩៖ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី (Ethiopian Airlines) បានធ្លាក់ និងផ្តាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ដែលជិះលើនោះ ដែលក្រោយមកបានធ្វើឲ្យក្រុមហ៊ុន Boeing ជួបបញ្ហា និងផ្អាកដំណើរការប្រភេទយន្តហោះ Boeing 737 MAX ទូទាំងសកលលោករហូលដល់ឆ្នាំ២០២០។
* កំឡុងខែមីនា ឆ្នាំ២០១៩៖ មនុស្សរហូតដល់ជាង ១,០០០នាក់ បានបាត់បង់ជីវិតក្នុងប្រទេសចំនួនបី នៅតំបន់អាហ្វ្រិកខាងត្បូងគឺ មូហ្សំប៊ីក (Mozambique), ហ្ស៊ីមបាបវ៉េ (Zimbabwe) និងម៉ាឡាវី (Malawi) ដោយសារការវាយប្រហាររបស់ព្យុះស៊ីក្លូនឈ្មោះ អ៊ីដៃ (Idai)។
* ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩៖ ព្រះវិហារគ្រិស្ត និងសណ្ឋាគារមួយចំនួន នៅរដ្ឋធានីកូឡុំបូនៃប្រទេសស្រីលង្ការ បានទទួលរងការបំផ្ទុះគ្រាប់បែក ដែលបណ្តាលឲ្យមនុស្សជាង ២៥០នាក់ស្លាប់ ខណៈប្រទេសដីកោះនេះទាំងមូល ត្រូវដាក់ទៅក្នុងគ្រាអាសន្ន។
* ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩៖ យន្តហោះធុន Antonov An-32 របស់កងទ័ពអាកាសឥណ្ឌា ដែលមានគោលដៅធ្វើដំណើរពីរដ្ឋ អាស្សាម (Assam) ទៅរដ្ឋ អារ៉ានចាល់ ប្រាដែស (Arunachal Pradesh) បានធ្លាក់និងបណ្តាលឲ្យមនុស្ស ១៣នាក់ ដែលជិះលើនោះបាត់បង់ជីវិតទាំងអស់។
* ថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០១៩៖ មានករណីបាញ់ប្រហារយ៉ាងកក្រើកចំនួនពីរ នៅសហរដ្ឋអាមេរិក ក្នុងនោះមួយនៅក្រុង អ៊ែលផាសូ (El Paso) នៃរដ្ឋ Texas ដែលបានសម្លាប់មនុស្ស ២២នាក់ និងមួយទៀតនៅក្រុងដេយតុន (Dayton) នៃរដ្ឋអូហៃយ៉ូ (Ohio) ដែលបានបណ្តាលឲ្យមនុស្ស ០៩នាក់បាត់បង់ជីវិត។
* កំឡុងខែសីហា ឆ្នាំ២០១៩៖ ព្យុះទីហ្វុងកំណាចឡេគីម៉ា (Lekima) បានឆក់យកជីវិតមនុស្សជាង ៧០នាក់នៅប្រទេសចិន។
* ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩៖ គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ ផ្តាច់ជីវិតមនុស្ស ៤០នាក់នៅប្រទេសប៉ាគីស្ថាន។
* ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារកោះ សេរ៉ាម (Seram) នៃខេត្តម៉ាលូគូ (Maluku) ប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សស្លាប់ ៤១នាក់។
* កំឡុងខែតុលា ឆ្នាំ២០១៩៖ មនុស្សយ៉ាងហោចណាស់ ៨៦នាក់បានស្លាប់ ដោយសារតែការវាយប្រហារពីព្យុះទីហ្វុង ហាជីប៊ីស (Hagibis) វាយប្រហារជប៉ុន។
* ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩៖ មនុស្ស ៥២នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ វាយប្រហារប្រទេសអាល់បានី។
* កំឡុងដើមខែធ្នូ ឆ្នាំ២០១៩៖ ព្យុះទីហ្វុងកាមមួរិ (Kammuri) បានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៧នាក់នៅពេលវាបោកបក់ឆ្លងកាត់ប្រទេសហ្វីលីពីន។
* ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩៖ យន្តហោះយោធាដឹកជញ្ជូនធុន Hercules C-130 របស់ឈីលីបានបាត់ខ្លួននិងធ្លាក់ចូលក្នុងផ្ទៃសមុទ្រ ជាមួយមនុស្សសរុប ៣៨នាក់ ពេលធ្វើដំណើរឆ្ពោះទៅកាន់ប៉ូលខាងត្បូង ហើយមិនមានអ្នករួចរស់ជីវិតឡើយ។
* នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩៖ មានករណីយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ប៊ែកអ៊ែរ (Bek Air) បានធ្លាក់នៅលើទីក្រុងអាល់ម៉ាធី (Almaty) ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុត នៅប្រទេសកាហ្សាក់ស្ថាន។ យន្តហោះនោះផ្ទុកមនុស្សសរុប១០០នាក់ ដែលមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី ណួរស៊ុលតាន់ (Nur-Sultan) នៃប្រទេសកាហ្សាក់ស្ថាន។ ករណីធ្លាក់នេះមានជនរងគ្រោះទាំង១២នាក់បានបាត់បង់ជីវិត៕