(តិចសាស់)៖ ខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារក្នុងព្រះវិហារគ្រឹស្តមួយកន្លែង នៅរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក ដែលបង្កឲ្យ មនុស្ស២នាក់បាត់បង់ជីវិត មុនពេលជនរូបនោះត្រូវបានគេបាញ់សម្លាប់តាមក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។
ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើងក្នុងព្រះវិហារគ្រឹស្តឈ្មោះថា West Freeway Church of Christ ក្នុងក្រុង White Settlement នៃរដ្ឋតិចសាស់ នៅពេលដែលបុរសម្នាក់ស្រាប់តែបានក្រោកឈរឡើង ហើយទាញ់កាំភ្លើងប្រភេទ Shotgun មកធ្វើសកម្មភាពបាញ់ប្រហារ កាលពីវេលាព្រឹកថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ បើតាមឃ្លីបវីដេអូបង្ហាញពីសកម្មភាពក្នុងព្រះវិហារនោះ ខ្មាន់កាំភ្លើងបាន ក្រោកឈរឡើង រួចសួរទៅកាន់បុរសម្នាក់ដែលនៅក្បែរខ្លួន ហើយបុរសនោះបានចង្អុលទៅកាន់បុរសម្នាក់ទៀត។ ភ្លាមៗខ្មាន់កាំភ្លើង ស្រាប់តែបានដកកាំភ្លើងបាញ់លើបុរសដែលត្រូវគេចង្អុល រួចហើយក៏បាញ់បុរសដែលខ្លួនបានសួរថែមទៀត។
ក្រោយមកសន្តិសុខការពារនៅក្នុងព្រះវិហារខាងលើ ក៏បានបាញ់ជនដៃដែលបណ្តាលឲ្យស្លាប់តែម្តង ខណៈជនរងគ្រោះទាំងពីរនាក់ បាន បាត់បង់ជីវិត នៅពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ជាមួយគ្នានេះ អាជ្ញាធរអាមេរិកកំពុងតែស៊ើបអង្កេតទៅលើចេតនានៅពីក្រោយ ការធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើងរូបនោះ។
គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៩នេះ មនុស្ស២២នាក់បានស្លាប់ និង២៤នាក់បានរងរបួស នៅផ្សារទំនើប Walmart ក្នុងក្រុង El Paso នៃរដ្ឋតិចសាស់ ខណៈក្នុងខែដដែលនោះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស០៧នាក់ និងបង្កឲ្យរបួស២០នាក់ នៅក្រុង Odessa និង Midland។ រីឯកាលពីឆ្នាំ២០១៧ ករណីបាញ់ប្រហារយ៉ាងកក្រើកមួយ នៅក្នុងព្រះវិហារគ្រឹស្តនៅតំបន់ Sutherland Springs នៃរដ្ឋតិចសាស់ បណ្តាលឲ្យមនុស្ស២៦នាក់បាត់បង់ជីវិត៕