(បាកដាដ)៖ កងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ឬគេស្គាល់ថា ហាស់ អាល់ សាអាប៊ី (Hashd al-Shaabi) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ខាថេប ហេសបូលឡាហ៍ (Kataib Hezbollah) បានកើនដល់ ២៥នាក់ហើយ និង ៥១នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។
កាលពីដំបូងឡើយ ហាស់ អាល់ សាអាប៊ី បានអះអាងថា ការវាយប្រហារដោយយន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិក បានផ្ដាច់ជីវិតមនុស្ស ១៩នាក់ និងរបួសតែ ៣៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈអ្នករងរបួសជាច្រើននាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាលពីថ្ងៃអាទិត្យ យោធាអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធ Kataib Hezbollah គាំទ្រដោយអ៊ីរ៉ង់ ដោយក្នុងនោះ ០៣កន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ០២កន្លែងនៅស៊ីរី ហើយក្នុងចំណោមអ្នកស្លាប់ ក៏មានមេបញ្ជាការថ្នាក់តំបន់បួននាក់ របស់ក្រុមសកម្មប្រយុទ្ធមួយនេះផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវការអាកាសកាលពីថ្ងៃអាទិត្យ ដែលត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាជោគជ័យដ៏ធំមួយត្រូវបានធ្វើឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោនចោទថា ក្រុមសកម្មប្រយុទ្ធ Kataib Hezbollah គឺជាអ្នកដឹកនាំការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាង ៣០គ្រាប់កាលពីថ្ងៃសុក្រកន្លងទៅ ដែលបានផ្ដាច់ជីវិតមន្ត្រីស៊ីវិលអាមេរិកម្នាក់ និងកងកម្លាំងអាមេរិក ០៤នាក់រងរបួស នៅទីក្រុងឃើគុក (Kirkuk) ប្រទេសអ៊ីរ៉ាក់។ បើតាមមន្ទីរបញ្ចកោណ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ធ្វើឡើងដោយប្រើយន្ដហោះចម្បាំង F-15៕