មុនថ្លែងសារចូលឆ្នាំថ្មី! លោក គីម ជុងអ៊ុន បេ្ដជ្ញាចាត់វិធានការវាយបក ដើម្បីការពារអធិបតេយ្យជាតិ (Video inside)
30-12-2019 09:26
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថានឹង «ចាត់វិធានការវាយបក» ដើម្បីការពារដែន អធិបតេយ្យភាព និងសន្តិសុខ នៃប្រទេសរបស់លោក ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថាទីក្រុងព្យុងយ៉ាង អាចនឹងលុបចោលកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ហើយធ្វើតេស្ដ មីស៊ីល និងអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។
ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំឡុងដឹកនាំកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េខាងជើងរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។ តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ក៏បានលើកឡើងផងដែរពីសកម្មភាពនៅក្នុងវិស័យកិច្ចការបរទេស ឧស្សាហកម្មអាវុធ និងកងកម្លាំងប្រដាប់អាវុធ ជាមួយការសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាង ចាំបាច់ចាត់វិធាន ការវាយបកនានា ដើម្បីការពារដែន អធិបតេយ្យភាព និងសន្តិសុខរបស់កូរ៉េខាងជើង។ តែទន្ទឹមគ្នា លោក គីម មិនបានបញ្ជាក់លម្អិតពីវិធានការទំាងនេះទេ ស្របពេលអ្នកជំនាញជា ច្រើនយល់ថាអាចជាការលុបចោលកិច្ចចរចាជាមួយអាមេរិក និងធ្វើតេស្ដឡើងវិញនូវក្បាលគ្រាប់នុយក្លេអ៊ែរ ឬក៏មីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាង បានផ្អាកការធ្វើតេស្ដចាប់តាំងពីឆ្នាំ២០១៧មក។ វិធានការទាំងនេះទៀតសោត អាចនឹងត្រូវបានប្រកាសដោយលោក គីម ជុងអ៊ុន នាឱកាសថ្លែង សារចូលឆ្នាំថ្មីរបស់លោក។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែមក្នុងនោះរួមទាំង ដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ សំដៅបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ខណៈ លោក ត្រាំ ក៏បានព្រមានទុកជាមុនដែរថាកូរ៉េខាងជើងអាចនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើសិនជាហ៊ានតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ៕