(តេហេរ៉ង់)៖ នាថ្ងៃសុក្រនេះ អ៊ីរ៉ង់ រុស្ស៊ី និងចិន បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាផ្លូវទឹករួមគ្នា នៅតំបន់មហាសមុទ្រឥណ្ឌា ព្រមទាំងនៅតំបន់ឈូងសមុទ្រអូម៉ង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ័ពជើងទឹករវាងប្រទេសទាំងបី។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
ក្នុង ឱកាសនៃការបើកសមយុទ្ធយោធាខាងលើ មេបញ្ជាការទ័ពជើងទឹកអ៊ីរ៉ង់ លោក Gholamreza Tahani បានលើកឡើងដូច្នេះថា «សារនៃលំហាត់យោធានេះ គឺសន្តិភាព មិត្តភាព និងសន្តិសុខយូរអង្វែង តាមរយៈកិច្ចសហប្រតិបត្តិការ និង ការរួមសាមគ្គីភាព »។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងម៉ូស្គូបានបញ្ជូននាវាយោធាចំនួន៣គ្រឿងឲ្យមកចូលរួមក្នុងការធ្វើសមយុទ្ធជើង ទឹកនេះ ខណៈទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ខ្លួនបានបញ្ជូននាវាពិឃាតមួយគ្រឿងឲ្យចូលរួម។
គួរជម្រាបថា បើតាមការបញ្ជាក់របស់ទីក្រុងតេហេរ៉ង់ សមយុទ្ធយោធាខាងលើនឹងមានរយៈពេល០៤ថ្ងៃ ហើយវានឹងផ្តោតទៅលើ ការហ្វឹកហាត់សំខាន់ៗ រួមមានដូចជាការជួយសង្រ្គោះនាវា-កប៉ាល់ដែលត្រូវភ្លើងឆេះ ឬស្ថិតក្រោមការវាយប្រហារពីក្រុមចោរសមុទ្រ រួមជាមួយការហាត់សមបាញ់គ្រាប់ពិតផងដែរ។ សម្រាប់ទីតាំងធ្វើសមយុទ្ធវិញ ជាពិសេសឈូងសមុទ្រអូម៉ង់ គឺជាដែនទឹកដ៏សំខាន់ មួយប្រចាំនៅមជ្ឈិមបូព៌ា ដោយវាតភ្ជាប់ជាមួយច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏មមាញឹក ខណៈច្រកសមុទ្រ នេះតភ្ជាប់ទៅនឹងឈូងសមុទ្រពែក៕